(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាប្រឈម និងជាក្តីកង្វល់រួម របស់ពិភពលោក។ ការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិកគឺជាកិច្ចការដ៏លំបាកមួយ ដែលតម្រូវឱ្យមានការចូលរួម និងខិតខំប្រឹងប្រែង ពីអ្នកពាក់ព័ន្ធទាំងអស់រួមមាន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា»។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើក «វេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់ សំណល់ប្លាស្ទិកនៅកម្ពុជា» សហការរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក របស់ក្រសួងបរិស្ថាន ជាមួយកមុ្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ក្រោមគម្រោង ជំរុញបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍដោយចីរភាព (ហៅកាត់ថា BESD) របស់ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា។

លោក នេត្រ ភក្ត្រា បានចោទសួរថា តើហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយអំពីបញ្ហាប្លាស្ទិក? ពីព្រោះ ទី១៖ ប្លាស្ទិកបានបំពុលបរិស្ថាន យ៉ាងខ្លំាងរួមមាន ខ្យល់ ទឹក និងដី, ទី២៖ សំណល់ប្លាស្ទិកបំផ្លាញជីវៈចម្រុះទាំងក្នុងទឹក និងលើគោក, ទី៣៖ សំណល់ប្លាស្ទិក បង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស, ទី៤៖ យើងត្រូវចំណាយថវិកាច្រើនក្នុងការសម្អាត, ទី៥៖ ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ និងទី៦៖ ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែលទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់រឹងសំរាម សំណល់ប្លាស្ទិកជាសកម្មភាពជាអាទិភាព បំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តវិធានការច្បាប់ដ៏តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញ ហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការនាំចូលនូវសំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ ព្រោះកម្ពុជា មិនមែនជាធុងសំរាម សម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ច នឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។ ប៉ុន្តែកម្ពុជា លើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ ប្លាស្ទិកដែលមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។ សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក។

លោកថា ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូង រហូតដល់ឆ្នាំ២០១៧ សំណល់ប្លាស្ទិក មានចំនួនប្រមាណ ជាង ៨.៣ ប៊ីលានតោន ហើយមានតែ ៩% តែប៉ុណ្ណោះ នៃសំណល់ប្លាស្ទិក ដែលត្រូវបានយកមកកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៥០ សំណល់ប្លាស្ទិកនឹងកើនដល់ ៣៤ប៊ីលានតោន។ នៅឆ្នាំ២០៥០នេះ ប្លាស្ទិកអាចមានច្រើនជាងត្រី នៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

នៅប្រទេសកម្ពុជាវិញលោក នេត្រ ភក្ត្រា បានឱ្យដឹងថា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣០០០តោន ក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។

តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។ បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ។ កំណើននៃសំណល់សំរាមត្រូវបាន

លោក នេត្រ ភក្ត្រា ពន្យល់ថា ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀប នៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។ កម្ពុជា ត្រូវបានចាត់ចូលជា ប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចរង្វង់ ៧% ក្នុងមួយឆ្នាំ និងមានការអភិវឌ្ឍរីកចម្រើនលឿន បញ្ហាសំណល់សំរាមក៏បានកើនឡើងជាលំដាប់ផងដែរ។

ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណ ១.៧០៩.៣៧៩តោន ធៀបនឹងឆ្នាំ ២០១៧ កើនឡើង ២០៥ .៦៥៦តោន ស្មើនឹង ១៣,៦៨%។ បញ្ហាកំណើននេះក៏មានការចូលរួមចំណែកពីការផ្លាស់ប្តូរទម្លាប់រស់នៅ ការវេចខ្ចប់អាហារ និងកង្វះការយល់ដឹងពីវិធី ក្នុងការទុកដាក់ និងញែកសំណល់សំរាមនានាឱ្យបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ សំណល់ត្រូវបានគេបោះចោល ប្រមូល និងដឹកចាក់ចោលនៅទីលានសំរាមដោយពុំបានញែក កែច្នៃ ឬប្រើប្រាស់ឡើងវិញជាពិសេសសំណល់ប្លាស្ទិក។

តាមការបញ្ជាក់របស់រដ្ឋលេខាធិការ នេត្រ ភក្ត្រា ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ ក៏ដូចជាលុបបំបាត់ការបំពុល ដោយប្លាស្ទិក ក្នុងនោះមានទាំងការរៀបចំនូវផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់។ ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិតរៀបចំយុទ្ធនាការជាច្រើន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការកែប្រែឥរិយាបថពលរដ្ឋពាក់ព័ន្ធនឹងការវេចខ្ចប់ ការប្រើកន្ត្រកបរិស្ថាន ឬការប្រើដបទឹកបរិស្ថានជាដើម ហើយនៅតាមសាលារៀន និងគ្រឹះស្ថានសាធារណៈមួយចំនួនចាប់ផ្តើមប្រកាសថា ជាកន្លែងគ្មានការប្រើប្រាស់ប្លាស្ទិក។ ក្នុងក្របខណ្ឌច្បាប់ ក្រសួងបរិស្ថាន ក៏បាននិងកំពុងតែដំណើរការរៀបចំកសាងលិខិតបទដ្ឋានថ្មីៗមួយចំនួន នៅក្នុងការទប់ស្តាត់ និងកាត់បន្ថយការប្រើប្រាស់សម្ភារប្លាស្ទិក ដូចជា បំពង់បឺតប្លាស្ទិក និងសម្ភារវេចខ្ចប់អាហារមួយចំនួន ដែលមិនចាំបាច់ ឬអាចមានរបស់ជំនួសបាន៕