(ភ្នំពេញ)៖ លោក ហ៊ុន ណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា គឺបានបង្ហាញនូវការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយ TYDA ដែលមានបេសកកម្ម នៅក្នុងការបន្តផ្ដល់នូវការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយសហការ និងគាំទ្រដោយក្រសួងសុខាភិបាល អង្គការដៃគូ និងសប្បុរសជនជាច្រើន។

ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ាណែត និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung Group) បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប៊ូយ៉ុងគ្រុប ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ មិនត្រឹមតែព្យាបាលជំងឺ ជូនពួកគាត់ប៉ុណ្ណោះទេ គឺផ្ដល់ទាំងស្នាមញញឹម និងក្តីសង្ឃឹសម្រាប់គ្រួសារគាត់ទាំងមូល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប៊ូយ៉ុងគ្រុប (Booyoung Group) ដែលមានទំនុកចិត្តនៅក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា៕

លោក Shin Hyun-Suk បានលើកឡើងថា ការបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើន នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះប៊ូយ៉ុងគ្រុប (Booyoung Group) ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ របស់កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក Shin Hyun-Suk បានបញ្ជាក់ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ(TYDA) ប៊ូយ៉ុងគ្រុប (Booyoung Group) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយ TYDA ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ៕