(ព្រះវិហារ)៖ ដំណាំកៅស៊ូ គឺជាប្រភេទដំណាំកសិ-ឧស្សាហកម្ម ដែលត្រូវបានដាំដុះនៅកម្ពុជាដំបូង នាកំឡុងឆ្នាំ១៩១០។ នៅក្នុងសម័យសង្គមរាស្រ្តនិយម កម្ពុជាមិនត្រឹមតែដាំដុះដើមកៅស៊ូ ដើម្បីលក់ជ័រចេញទៅក្រៅប្រទេសនោះទេ តែថែមទាំងមានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់ផលិតជាឧបករណ៍ សម្ភារប្រើប្រាស់ជាច្រើនថែមទៀតផង។

ដោយមើលឃើញពីភាពសម្បូរបែប និងអត្ថប្រយោជន៍នៃជ័កៅស៊ូយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបលោកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត បានបណ្តាក់ទុនប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងការវិនិយោគលើចំការកៅស៊ូ និងរោងចក្រច្នៃជ័រកៅស៊ូដ៏ធំមួយ ដែលមានសមត្ថភាពផលិតជ័រកៅស៊ូក្រែប បានប្រមាណ ៣.៥តោន ក្នុង១ម៉ោង។

ចំការកៅស៊ូ និងរោងចក្រច្នៃជ័រកៅស៊ូរបស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព មានទីតាំងនៅក្នុងភូមិអូរពោធិ៍ ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត វិនិយោគលើគម្រោងដំាដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ លើផ្ទៃដីចំនួន៩.៩១៦ហិកតា នាកំឡុងឆ្នាំ២០១១។ ប៉ុន្តែ ផ្ទៃដីជាក់ស្តែង គឺមានតែចំនួន៤.៨០០ហិកតាប៉ុណ្ណោះ នៅក្រោយការដោះស្រាយការប៉ះពាល់នានារួចមក។ ក្រៅពីផ្ទៃដីខាងលើនេះ ក្រុមហ៊ុនលោកឧកញ៉ាបណ្ឌិត ក៏មានដីកម្មសិទ្ធិឯកជនរបស់ខ្លួន ចំនួន១.៦០០ហិកតាទៀត ដើម្បីដាំដុះលើដំណាំកៅស៊ូនេះ ដែលធ្វើឲ្យចំនួនផ្ទៃដីដាំដុះទាំងអស់ មានចំនួនសរុប ៦.៤០០ហិកតា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដំណាំដើមកៅស៊ូរួចហើយ បានចំនួន ៥.៤០០ហិកតា ហើយបាននឹងកំពុងធ្វើការជៀរជ័រកៅស៊ូជាបណ្តើរៗបានមួយចំនួនរួចហើយ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១.០០០នាក់។

បើតាមការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត បានឲ្យដឹងថា ការជ្រើសរើសដាំដំណាំកៅស៊ូនេះ ក៏ព្រោះតែកៅស៊ូជាប្រភេទដំណាំយុត្តិសាស្រ្តដ៏ល្អបំផុត នៅក្នុងវិស័យកសិកម្ម«ការដាក់ទុនអស់រាប់លានដុល្លារនេះ គឺថាសប្បាយចិត្តក្នុងការ វិនិយោគទុនដាំដើមកៅស៊ូ ព្រោះកៅស៊ូ វាបានផលជ័រកៅស៊ូផង បានផលទាំងបងប្អូនកម្មករកសិករ ដែលកំពុងបម្រើការងារផង ព្រមទាំងដើមយើងមិនចោល ដែលអាចលក់ចេញក្រៅប្រទេស បានដោយស្វ័យប្រវត្តិតែម្ដង។ ដែលជាដំណាំយុត្តិសាស្រ្តដ៏ល្អបំផុតនៅក្នុងវិស័យកសិកម្ម»។

ក្រៅពីការដាំដុះកៅស៊ូជាច្រើនហិកតានៅកម្ពុជា ក្រុមហ៊ុនរបស់លោកឧកញ៉ាបណ្ឌិត មិនត្រឹមតែផ្ដល់ការងារដល់ពលរដ្ឋខ្មែរក្នុងតម្លៃពលកម្មសមស្របនោះទេ តែថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពការងារ និងការរស់នៅថែមទៀតផង។ តួរយ៉ាងលោកឧកញ៉ាបណ្ឌិត បានសាងសង់ផ្ទះស្នាក់នៅជូនដល់បងប្អូនបុគ្គលិក កម្មករ ផ្សារ សាលាឆទាន សាលាបុណ្យជាដើម ដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលិកក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត ស្រលាញ់ក្រុមហ៊ុន និងស្រលាញ់ការងាររបស់ខ្លួនជានិច្ច។

លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ៖ «យើងកសាងទីមួយ មានដូចជាតារាងបាល់ទាត់ ហើយយកកូនគាត់ ពេលល្ងាចឡើងឲ្យលេងបាល់ទាត់ តិចទៀត យើងធ្វើតំបន់ទេសចរណ៍ឲ្យគាត់បានលេង ដើម្បីកុំឲ្យគាត់ចង់ធ្វើចំណាកស្រុក។ ធ្វើឲ្យគាត់ថា មកចំការកៅស៊ូ ទ្រីភាព បឹងទន្លេម្រេចនេះមានគ្រប់សព្វ ឲ្យគាត់រស់នៅជាមួយយើង ហើយយើងចែកផ្ទះឲ្យបុគ្គលិកចំការកៅស៊ូ ឲ្យគាត់ដាំដំណាំជាចេក ចិញ្ចឹមមាន់ ល្ហុង យកទៅលក់នៅផ្សារ ហើយផ្សារនោះ យើងមិនយកថ្លៃកម្រៃតូបទេ។ ហើយបើយើងមានដល់ចំការកៅស៊ូមហាធំប៉ុណ្ណេះមិនមានផ្សារទេ គឺកម្មករមិនអាចរស់នៅជាមួយយើងបានទេ។ អីចឹងយើងផ្ដល់ឲ្យគាត់គ្រប់ តាំងពីមណ្ឌលសុខភាព កើតកូនក៏យើងជួយលុយ យើងជួយគ្រប់ទាំងអស់ ពេលដែលគាត់មានការមានបុណ្យទាន ឬធ្វើបុណ្យធ្វើទានអីយើងត្រូវចែកលុយជូនពួកគាត់។ រៀងរាល់ឆ្នាំពេលវេលាជាមួយគ្រួសារទាំងអស់ ដើម្បីចុះមកមើលពេលនេះអីចឹង យើងត្រូវការវិភាគទានឲ្យគាត់ ដើម្បីយកចិត្តគាត់ឲ្យគាត់រស់នៅជាមួយយើងបានសុខសាន្ត»

លោកឧកញ៉ាបណ្ឌិត ទ្រីភាព មិនត្រឹមតែផ្ដល់ភាពកក់ក្ដៅ និងភាពងាយស្រួលក្នុងការរស់នៅដល់បងប្អូនបុគ្គលិក កម្មករ និងក្រុមគ្រួសារនោះទេ តែលោកឧកញ៉ា ក៏បានប្រកាសទទួលទិញជ័រកៅស៊ូរបស់កសិករខ្មែរទាំងអស់ទៀតផង ជាពិសេស ពីចំការកៅស៊ូលក្ខណៈគ្រួសារ ដោយលោកឧកញ៉ាបណ្ឌិត បានធានាតម្លៃ គឺស្របទៅតាមទីផ្សារនៃបណ្ដាប្រទេសជិតខាង ដែលមានផងដែរ។

លោកឧកញ៉ាបណ្ឌិត ទ្រី ភាព៖ «ប្រជាជនដែលមានជ័រ ប្រជាជនណាដែលមានដី ត្រូវបង្កើនគ្នាដាំយកពូជដាំ បើអត់ពូជអាចមកទាក់ទងខាងខ្ញុំ ខាងបងប្អូនខ្ញុំ ហើយអាចយកជ័រ មកលក់ឲ្យខ្ញុំ ព្រោះឥលូវយើងមានរោងចក្រធំដុំហើយ យើងមិនមែនយកមកលក់នៅយួន ឥលូវនៅត្រឹមព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលហៅថាបឹងទន្លេម្រេច។ អីចឹងបងប្អូនយកពីសៀមរាបក៏លក់បាន កៅស៊ូជិតៗហ្នឹង ក៏លក់បានដូចគ្នា ហើយយើងលក់តម្លៃដែលអត់ខាតពេលដឹកជញ្ជូន ហើយជិតកន្លែងយើងទទួលទិញ អីចឹងសេវាកម្មយើង គឺថាគេទិញប៉ុណ្ណា យើងក៏ទិញក្នុងតម្លៃប៉ុណ្ណឹងដូចគ្នា ហើយភ្នែកជញ្ជីងយើងធ្វើឲ្យល្អ ព្រោះយើងមានរោងចក្រយើងធំ ដូច្នេះយើងមិនខ្លាចខាតទេ។ ដូច្នេះ យើងបើកចំហរជើងមេឃឲ្យប្រជាជនយកមកលក់ឲ្យយើង។

បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការសាកល្បងរោងចក្រច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ បុគ្គលិកដែលបម្រើការងារនៅក្នុងចំការកៅស៊ូ ក៏ដូចជាក្នុងរោងចក្រច្នៃជ័របានបង្ហាញនូវក្ដីសាទរយ៉ាងខ្លាំង ជាពិសេស បុគ្គលិកនៅក្នុងរោងចក្របានសម្ដែងនូវការដឹកគុណចំពោះការយកចិត្តទុកដាក់របស់លោកឧកញ៉ា និងការផ្ដល់ជូននូវប្រាក់ខែសមស្រប ដល់បងប្អូនបុគ្គលិក និងកម្មករគ្រប់រូប។

តួរយ៉ាងកញ្ញា វិបុល សុភ័ក្រណា ជាពលរដ្ឋមកពីខេត្តកណ្ដាល ដែលជាបុគ្គលិកផ្នែកកាន់ឡ និងបញ្ជាម៉ាស៊ីន បានលើកឡើងថា កញ្ញាចង់ធ្វើនៅក្រុមហ៊ុននេះជាងរៀងរហូត មិនចង់ទៅធ្វើនៅទីណាទៀតឡើយ ព្រោះនៅទីនេះកញ្ញាមានភាពកក់ក្ដៅ ហើយថែមទាំងទទួលបានប្រាក់បៀវត្សបានច្រើនថែមទៀតផង។

កញ្ញា វិបុល សុភ័ក្រណា លើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាធ្វើនៅហ្នឹងល្អណាស់បង ព្រោះថា លោកឧកញ៉ា គាត់យកចិត្តទុកដាក់ ចំពោះបុគ្គលិកគ្រប់គ្នា តាំងពីការស្នាក់នៅ និងផ្នែកផ្សេងៗ។ អត់ទេបង មិនចង់ឈប់ទេ គឺស្រេចលើលោកឧកញ៉ា នឹងបម្រើការងារជូនគាត់រហូត ព្រោះថា ការងារនៅហ្នឹងមិនពិបាក ហើយក៏មិនធ្ងន់មិនស្រាលអីដែរ ហើយប្រាក់ខែសមរម្យ យើងអាចទទួលយកបាន។ ខ្ញុំសូមអរគុណដល់គាត់ដែលបានបង្កើតក្រុមហ៊ុននេះឡើង ឲ្យប្រជាពលរដ្ឋខ្មែរយើង ដោយគិតគូរតាំងពីសុវត្ថិភាព តាំងពីការស្នាក់នៅក៏បានល្អ ប្រាក់ខែក៏សមរម្យ»

រោងចក្រ និងចំការកៅស៊ូរបស់លោកឧកញ៉ាបណ្ឌិត មិនត្រឹមតែផ្ដល់ជូននូវការរស់នៅ និងការថែទាំផ្សេងៗដល់លោកបងប្អូនបុគ្គលិក និងកម្មកររបស់ខ្លួនឡើយ។ សូម្បីតែប្រជាពលរដ្ឋនៅក្នុងតំបន់នោះផ្ទាល់ ឬអ្នកចំណាកស្រុកមកនៅក្នុងតំបន់របស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ទាំងអស់សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់គ្រប់ៗគ្នា។ ជាក់ស្ដែង អ្នកស្រី យ៉ុង ស៊ីឡេង ជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដែលបានចំណាកស្រុកជាមួយស្វាមីមករស់នៅក្នុងភូមិអូរពោធិ៍ ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ អស់រយៈពេល៧ឆ្នាំមកហើយ បានទទួលការទំនុកបម្រុងពីលោកឧកញ៉ាបណ្ឌិត រហូតទទួលបានផ្លាស់ប្តូរជីវភាពថ្មី។

ដោយការអនុគ្រោះ អ្នកស្រី និងស្វាមីដែលមានជំនាញជាគ្រូពេទ្យស្រាប់ បានទទួលបានតូបមួយកន្លែងនៅក្នុងផ្សារ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ អស់រយៈពេល៧ឆ្នាំ ចាប់តាំងពីមិនមានដី មិនមានផ្ទះស្នាក់នៅ បច្ចុប្បន្ននេះ អ្នកស្រីមានផ្ទះផ្ទាល់ខ្លួន និងដីចំការធុរេន ចំនួន៤ហិកតាឯណោះ។

អ្នកស្រី យ៉ុង ស៊ីឡេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកនៅហ្នឹងអត់មានអស់អីទេបង គាត់ឲ្យលក់ទទេ អត់មានគិតឈ្នួល អត់មានគិតថ្លៃតូបទេ ថ្លៃទឹក ថ្លៃភ្លើង គឺលោកឧកញ៉ាចេញឲ្យទាំងអស់។ កាលមកដំបូង អត់ទាន់មានដី ឥលូវមានដី មានចំការ មានផ្ទះសម្បែងនៅល្អ កាលពីមុនមិនមានទេ។ ចំការ៤ហិកតាដាំធុរេន។ ខ្ញុំសូមអរគុណដល់លោកឧកញ៉ា ដែលបានផ្ដល់កន្លែងដែលខ្ញុំលក់ដូរ សូមឲ្យលោកឧកញ៉ាបណ្ឌិត ជួបសេចក្ដីសុខគ្រប់ទីកន្លែង»

ក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត របស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ក្រៅពីមានបំណងលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ជាមួយនឹងការដឹកនាំប្រកបដោយគុណធម៌ ជាមួយបងប្អូន បុគ្គលិក និងកម្មករក្រោមឱវាទនោះ។ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏មានបំណងពង្រឹងគុណភាពជ័រកៅស៊ូកម្ពុជា ឲ្យក្លាយជាប្រភេទជ័រកៅស៊ូ ដែលមានគុណភាពល្អ ដើម្បីទាក់ទាញដៃគូវិនិយោគ ដែលមានជំនាញ បច្ចេកទេសច្បាស់លាស់ ឲ្យមកធ្វើការកែច្នៃជ័រកៅស៊ូ របស់រោងចក្រ ដើម្បីផលិតទៅជាផលិតផលសម្រេច ដូចជាសម្ភារប្រើប្រាស់ ដូចក្នុងសម័យសង្គមរាស្រ្តនិយមនោះដែរ ដែលទាំងអស់នេះ គឺដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែកើនឡើងថែមទៀត។ ហើយលោកឧកញ៉ា ស្វាគមន៍ជានិច្ចរាល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដែលមានបំណងចង់ចូលរួមបង្កើតរោងចក្រច្នៃជ័រកៅស៊ូ ឲ្យក្លាយជាផលិតផលសម្រេច៕