(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងឲ្យផលិតករ ឬអ្នកនាំចេញរួសរាន់ចុះបញ្ជី នៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ EBAs។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន ក្រសួងពាណិជ្ជកម្ម អះអាងទៀតថា ក្នុងរយៈពេលចាប់តាំងពីមានសេចក្តីជូនដំណឹង ចំនួន០៣លើក រហូតមកដល់បច្ចុប្បន្ន គឺនៅមានក្រុមហ៊ុននាំចេញ ទៅសហភាពអឺរ៉ុប ណ័រវែស ស្វីស និងទួរគី មួយចំនួនធំ មិនទាន់បានមកស្នើសុំចុះឈ្មោះតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅឡើយទេ។

ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ ពីការទទួលបាននូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅកាន់ ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬអ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ សម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៕