(បាត់ដំបង)៖ ក្រុមគ្រូពេទ្យអង្គការប្រែក្លាយសុខមាលភាពកម្ពុជា (THC) និងក្រុមគ្រូពេទ្យ (Daisy Chan) របស់អង់គ្លេសចំនួន២ក្រុម ជំនាញផ្សេងគ្នា បានចូលជួបសម្តែងការគួរសមជាមួយរដ្ឋបាល ខេត្តបាត់ដំបង ដើម្បីសិក្សាពីការខ្វះខាត និងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមបន្តជួយបន្ថែមទៀត។

ជំនួបសម្តែងការគួរសមនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត និងលោកវិជ្ជបណ្ឌិត កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ជាមួយប្រតិភូក្រុមគ្រូពេទ្យអង់គ្លេសចូលរួមផងដែរ។

តំណាងគ្រូពេទ្យអង្គការប្រែក្លាយសុខមាលភាពកម្ពុជា បានជម្រាបជូនលោកអភិបាលខេត្តថា ក្រុមការងាររបស់លោក បានចុះមកធ្វើសកម្មភាពមនុស្សធម៌ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាំងពីឆ្នាំ២០១២-២០១៩ មានរយៈពេល ៨ឆ្នាំមកហើយ និងបន្តជួយបន្ថែមទៀតរាល់តម្រូវការចាំបាច់របស់មន្ទីរពេទ្យខេត្តបាត់ដំបង។

ដោយឡែក ក្រុមគ្រូពេទ្យទើបមកថ្មី (Daisy Chan) ក៏បានជម្រាបលោកអភិបាលខេត្តផងដែរ ដោយក្រុមរបស់លោកចុះមកសិក្សាភាពកង្វះខាតបរិក្ខាពេទ្យ សិក្សាពីជំងឺថ្មីៗដែលកើតលើអ្នកជំងឺកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រមទាំងយកទៅសិក្សាស្វែងយល់សុមាលភាពទូទៅ ពិសេសពីតំរូវការនៃការបង្កើតសេវ៉ាកម្មសុខភាពផ្លូវចិត្តកុមារ នាពេលបច្ចុប្បន្ន និងបន្តចុះជួយតាមតំរូវការចាំបាច់ របស់មន្ទីរពេទ្យផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោក ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបរទេសគ្រប់ជាតិសាសន៍ ដែលបានចុះមកជួយក្នុងនាមមនុស្សធម៌ តាមគ្រប់មធ្យោ
បាយដើម្បីសុមាលភាពប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕