(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នួ ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងជល់មាន់ភ្នាល់ដាក់លុយមួយកន្លែង នៅចំណុចក្នុងព្រៃ ស្ថិតក្រោយភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងនៅចំណុចព្រៃកប់ខ្មោច ភូមិបឹងជ្រោយ ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពី ទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម ហើយលោកបានបញ្ជាដល់កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងប៉ុស្តិ៍ទាំងបួន និងកម្លាំងការិយាល័យអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផល ពេលសមត្ថកិច្ចទៅដល់ទីតាំងខាងលើ ក្រុមអ្នកលេងជល់មាន់ឃើញសមត្ថកិច្ច ក៏នាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ដោយបន្សល់ទុកវត្ថុតាងរួមមាន រថយន្ត ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-5485 ចំនួន០១គ្រឿង, ម៉ូតូចំនួន២១គ្រឿង, មាន់ជល់ចំនួន០២ក្បាល កន្ត្រក់ដាក់មាន់ជល់ ចំនួន០៣ និងកៅស៊ូតង់ពទ្ធ័ជុំសៃវៀនមាន់ មួយចំនួន។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី។

ដោយឡែក សម្រាប់ការបង្ក្រាបនៅស្រុកជើងព្រៃវិញ ជាលទ្ធផលដោយស្ថានភាពផ្លូវឆ្ងាយពីភូមិផ្លូវលំបាក ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកអ្នកលេងនាំគ្នា រត់គេចបាត់អស់ ដោយបន្សល់ទុកវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន២៧គ្រឿង និងមាន់ជល់ចំនួន០២ក្បាល។ បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕