(ភ្នំពេញ)៖ នៅទីបំផុតការប្រកួតកីឡាបាល់ទាល់ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយម្ចាស់ជើងឯកបានទៅលើក្រុម «សុភីណា» ក្រោយយកឈ្នះក្រុម «សសយកពោធិ៍សែនជ័យ» ដោយលទ្ធផល២ ទល់១។

គួរជម្រាបថា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ SOCCER LEGUE លើកទី៥ ឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងគោលបំណង បំផុសចលនាសាមគ្គីភាព ចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ស៊ីហ្គេមនា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

ចំពោះជ័យលាភីលេខ១ឆ្នាំនេះ ទទួលបានពាន១, មេដាយមាសចំនួន២៥ និងថវិកា២០លានរៀល, ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ចំនួន២៥ និងថវិកា១០លានរៀល, ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ ចំនួន២៥ និងថវិកា០៥លានរៀល, Fair Play ទទួលបានពាន១ និងថវិកាលើកទឹកចិត្តចំនួន ២លានរៀល, អាជ្ញាកណ្ដាលល្អជាងគេ ទទួលមេដាយ១ និងថវិកាលើកទឹកចិត្ត ចំនួន១លានរៀល, កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានស្បែកជើងមាស១ ថវិកាលើកទឹកចិត្តចំនួន ១លានរៀល, អ្នកចាំទីល្អជាងគេ ទទួលបានស្រោមដៃមាស១ ថវិកាលើកទឹកចិត្តចំនួន១លានរៀល និងគ្រូដឹកនាំល្អជាងគេទទួលបានពាន១ និងថវិកាលើកទឹកចិត្តចំនួន ១លានរៀល៕