(ភ្នំពេញ)៖ ដំណើរការសាងសង់រោងចក្រផលិតអគ្គិសនី៤០០មេហ្កាវ៉ាត់ថ្មី ដែលមានទីតាំងស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងរួចរាល់ ទៅតាមផែនការកំណត់ អាចបញ្ចេញថាមពលចូលបណ្តាញជាតិ នៅមុនពាក់កណ្តាលឆ្នាំ២០២០។

ដើម្បីសម្រេចការងារនេះ ក្រុមជំនាញសាងសង់បាន និងកំពុងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃ ដោយកំណត់ពេលសាងសង់រយៈពេលជាង១០ខែ។

ជាមួយគ្នានេះ ម៉ាស៊ីនភ្លើងសម្រាប់ដំឡើង ក្នុងរោងចក្ររោងចក្រផលិតអគ្គិសនី៤០០មេហ្កាវ៉ាត់ថ្មី ដើម្បីត្រៀមបំពេញឲ្យការផ្គត់ផ្គង់សម្រាប់បណ្តាញជាតិ នៅរដូវប្រាំងខាងមុខនេះ បានដឹកមកដល់ទីតាំងរោងចក្រជាបណ្តើរៗហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។

សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជា និងក្រុមហ៊ុន CGGC-UN POWER Co,Ltd និង ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION បានចុះហត្ថលេខា លើកិច្ចសន្យាសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រេង (HFO) និងឧស្ម័ន (LNG) អនុភាព៤០០មេហ្ការ៉ាត់ ដោយរំពឹងអាចផលិតអគ្គិសនី ដែលមានអានុភាព៤០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល។

គម្រោងនេះចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» កាលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីកង្វល់ ចំពោះបញ្ហាអគ្គិសនីនៅកម្ពុជា ដោយសារតែប្រភពថាមពលអគ្គិសនី ដ៏សំខាន់របស់កម្ពុជា គឺវារីអគ្គិសនីជួបវិបត្តិខ្វះខាតទឹក នាំឲ្យការផលិតអគ្គិសនីធ្លាក់ចុះ ឬផលិតអគ្គិសនីបានថាមពលតិច ពិសេសនៅរដូវប្រាំង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាខ្វះថាមពលអគ្គិនសីនេះ ហើយការសាងសង់រោងចក្រផលិតអគ្គិសនី៤០០មេហ្កាវ៉ាត់ នៅស្រុកល្វាឯម ខេត្តកណ្តាល គឺជាដំណោះស្រាយចាំបាច់មួយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំពោះការរៀបចំដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងរាជធានីភ្នំពេញ តាមការគ្រោងទុកអាចនឹងរួចរាល់ ក្នុងខែមេសាខាងមុខ ដែលការដំឡើងម៉ាស៊ីននេះ វិនិយោគនូវទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ទិញម៉ាស៊ីនមកពីប្រទេសអាល្លឺម៉ង់ ទំហំ២០០មេហ្គាវ៉ាត់ និងទិញពីប្រទេសហ្វាំងឡង់ ២០០មេហ្គាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីក្នុងទីក្រុងភ្នំពេញ និងធានាថា ក្នុងទីក្រុងភ្នំពេញ មិនជួបបញ្ហាខ្វះអគ្គិសនីតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ជំរុញការងារដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីនេះ ឲ្យបានលឿន ដោយធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យថាមពលអគ្គិសនី ដែលមានកម្លាំង៤០០មេហ្គាវ៉ាត សម្រេចបានលឿនជាងផែនការ៕