(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមវាយប្លន់ម៉ូតូ ចំនួន១០នាក់ (ស្រី៣នាក់) ដែលតែងធ្វើសកម្មភាពប្លន់ តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដកហូតបានម៉ូតូ៦គ្រឿង និងសម្ភារមួយចំនួន ដែលបម្រើឲ្យក្នុងការប្រព្រឹត្តបទល្មើស។

ថ្លែងប្រាប់មកអង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមវាយប្លន់ម៉ូតូនេះ បានធ្វើសកម្មភាពចំនួន៦ លើករួចមកហើយ ដោយពួកគេធ្វើសកម្មភាពវៃប្លន់ ដោយប្រើប្រាស់ដាវ និងដំបង -ល-។ ខណៈពេលនេះ កម្លាំងរបស់លោក កំពុងតែស្វែងរកបក្ខពួកក្រុមនេះ បន្ដទៀត។

បើតាមលោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ថា ជាញឹកញាប់ក្រុមនេះ តែងធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់ ករណីបង្ក្រាបក្រុមនេះ ធ្វើឡើងនៅផ្ទះជួល ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕