(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ និងដំណើរកម្សាន្ត ប្រចាំឆ្នាំ២០១៩ នៅខេត្តសៀមរាប ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមមេធាវីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន ឆ្នាំ២០២០» នៅសណ្ឋាគារ រីជឹនស៊ី អង្គរ ។

លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងឳកាសនៃការបើកកិច្ចប្រជុំខាងលើថា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន​បង្កើត​ឡើង​នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ គឺមានរយៈពេលជិតប្រាំឆ្នាំមកហើយ ។

ក្នុងរយៈពេលជិតប្រាំឆ្នាំ​មកនេះ ក្រុមមេធាវី បានរៀបចំកិច្ចប្រចាំឆ្នាំចំនួន ៤លើក រួមទាំងឆ្នាំនេះ ក្នុងនោះលើកទី១ និងលើកទី២ ត្រូវបានរៀបចំនៅខេត្តសៀមរាប លើកទី៣ នៅខេត្តមណ្ឌលគីរី ហើយ​សម្រាប់​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ សម្រាប់ឆ្នាំ២០១៩នេះ ក៏ប្រព្រឹត្តទៅនាខេត្តសៀមរាបផងដែរ ។

កិច្ចប្រជុំប្រឆ្នាំ គឺជា​​សកម្មភាពមួយដ៏សំខាន់របស់ក្រុមមេធាវី ក្នុងការឆ្លុះបញ្ចាំងនូវចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តនភាព រួមទាំងកត្តារារាំង ក្នុងការបំពេញការងាររបស់ក្រុមមេធាវី ហើយ​ដែល​លទ្ធផល​​នៃការ​ឆ្លុះបញ្ចាំងទាំងនោះ បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ក្រុមមេធាវីរៀបចំនូវផែនការ ក៏ដូចជា យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការបំពេញភារៈកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោកមេធាវី លី រដ្ឋធី បានបន្ថែមទៀតថា ក្នុងរយៈពេល​ជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានការរីកចម្រើនលើគ្រប់ផ្នែក ដោយបានវិវត្តន៍​ខ្លួន​ពីការ​ចាប់ផ្តើ​មដែ​លមាន​មេធាវីចំនួន ០២ រូប និងសមាជិកចំនួន ០៥ រូប សរុបចំនួន ០៧ រូប រហូតមានមេធាវីចំនួន ០៨ រូប សមាជិក-សមាជិកា ២០ រូប សរុបទាំងអស់ ២៨ រូប នាពេលបច្ចុប្បន្ន ។

ពីការិយាល័យជួលដែលមានទំហំចំនួន ១១០ ម៉ែត្រក្រឡា មកជាអគារការិយាល័យផ្ទាល់ខ្លួនដែលមានកំពស់ ៣ជាន់ និងមានផ្ទៃក្រឡាប្រើប្រាស់សរុបចំនួនប្រហាក់ប្រហែល ៥០០ ម៉ែត្រឡា ។ លើសពីនេះទៅទៀត ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការ​អន្តរជាតិ ក៏នឹងមានផែនការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា អគារ ស៊ី អាយ ស៊ី (C.I.C Tower) ដែល​នឹង​ត្រូវ​សាង​សង់​ឡើងលើទំហំផ្ទៃដី ៦០០ ម៉ែត្រក្រឡា ដែលត្រូវបានរចនាជាប្រភេទអគារការិយាល័យពាណិជ្ជកម្មបែបទំនើប ដោយមានកំពស់ ១២ ជាន់ ។

អគារការិយាល័យថ្មីនេះ នឹងផ្តល់នូវផ្ទៃក្រឡាប្រើប្រាស់​សរុបប្រមាណ ៥,៥០០ ម៉ែត្រក្រឡា បែងចែកជា ទីកន្លែងបដិសណ្ឋារកិច្ច ហាងកាហ្វេ ការិយាល័យធ្វើការ សាលប្រជុំ និងបន្ទប់ស្នាក់នៅជា លក្ខណៈផេនហៅ (Penthouse) ។ សម្រាប់ដំណើរការសាងសង់អគារ​ការិយាល័យ​ថ្មីរបស់​ក្រុមមេធាវី ស៊ី អាយ ស៊ី នេះ នឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាង់សង់ពី ២៤ខែ ទៅ ៣០ខែ ក្នុងគម្រោងថវិកាប្រមាណ​ជា ២លាន ៥ សែន ដុល្លារអាមេរិក ។ ជាមួយគ្នានេះ ចំពោះការងារ​ផ្តល់សេវាកម្មរបស់ក្រុមមេធាវី ត្រូវបានពង្រីកជាច្រើនផ្នែក និង វិស័យដែលទាក់​ទង​នឹង​សេវា​កម្មច្បាប់ ដែល​បានទាក់ទាញនូវការងារ និងអតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្តរជាតិ ។

សម្រាប់ការងា​រសេវាកម្ម​ច្បាប់​ដែល​សហប្រតិបត្តិការ​ជាមួយនឹ​ងក្រុមហ៊ុនដៃគូ ក្រុមមេធាវីទទួលបាននូវក្រុម​ហ៊ុនដៃគូរ​ថ្មីៗជាបន្តប​ន្ទាប់ ដែលក្រុម​ហ៊ុន​ដៃគូរទាំងនោះ សុទ្ធតែជា ប្រភេទ​ក្រុម​ហ៊ុន​​វិនិ​យោគ​​ដែលមានទំហំ​ទឹកប្រាក់ច្រើន មាន​លក្ខណៈស្តង់ដារការងារ ក៏ដូចជាដំណើរការអាជីវកម្មយូរអង្វែង ។ ការរីក​ចំរើន​ដែល​រៀបរាប់​ទាំងអស់​ខាងលើ​នេះគឺ កើតចេញ​​តាម​រយៈ​នៃ​ការខិ​ត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមមេធាវី ដែ​លមានការចូលរួមចំណែកយ៉ាងសកម្ម និងមិនអា​ចខ្វះបាន​ពីសំណាក់​មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់ ។

មេធាវី ប្រធានផ្នែក សមាជិក សមាជិកានៃក្រុមេធាវី សុទ្ធតែមានសមត្ថភាព បទពិសោធន៍ និងការតាំង​ចិត្តខ្ពស់​ក្នុងការ​បំពេញការ​ងារជូ​នអតិថិជន ក៏ដូចជា​ក្រុមមេ​ធាវី ប្រកបដោយក្រមសីលធម៌ ។ ការបំពេញការងារជាក្រុម ការចែករំលែក និងការជួយ​គ្នាទៅវិញ​ទៅ​មក គឺជាយ​ន្តការ​យ៉ាងសំខាន់រ​បស់ក្រុ​មមេធាវី និង​ជាកត្តារុញច្រាន​ឲ្យក្រុម​មេធាវី​បំពេ​ញកា​រងារ​ប្រកប​ដោយ​ប្រ​សិទ្ធិភាព និងប្រសិទ្ធិផល ។

យ៉ាងណាមិញ តាមរយៈនៃការ​វិវត្តន៍ឥតឈប់ឈរនៃវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ និង សកលភាវូបនីយកម្ម រួមទាំងទំនើបកម្មផ្នែកបច្ចេកវិទ្យាជាដើម តម្រូវឲ្យមេធាវី ប្រធានផ្នែក សមាជិក សមជិកា​ទាំង​អស់ ត្រូវ​បន្តខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីរុញច្រានក្រុមមេធាវីឆ្ពោះទៅរកគោលដៅ ដែលបានកំណត់ទុក ។

ហេតុដូច្នេះហើយ បានជា​កិច្ចប្រជុំប្រចាំ​ឆ្នាំ២០១៩ របស់​ក្រុម​មេធាវី​នាពេលនេះ ផ្តោត​សំខាន់​លើការរៀ​បចំផែ​នការ​អភិវឌ្ឍន៍ខ្លួន សម្រាប់​ឆ្នាំ២០២០ ​របស់មេធាវី ផ្នែក និងស​មាជិក​សមាជិកា ដែល​ជាធាតុ​ចូល​​យ៉ា​ង​សំខាន់​មិនអា​ចខ្វះបាន ក្នុងការរៀ​បចំផែ​នការ​អភិវឌ្ឍន៍ខ្លួ​នរបស់ក្រុមមេធាវី សម្រាប់ឆ្នាំ ២០២០ ក៏ដូចជា​ផែនកា​ររយៈពេល ០៣ ឆ្នាំរបស់​ក្រុមមេធាវី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោកប្រធាន​ក្រុមមេធាវី ។

បន្ទាប់ពីមានមតិស្វាគមន៍ និង​បើកកម្មវិធីរបស់ប្រធានក្រុមមេធាវីខាងលើ កិច្ចប្រជុំបានដំណើរដោយមានរបៀបវារៈជាបន្តបន្ទាប់ ដូចជារបាយការណ៍រយៈពេល ១១ ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ​​២០១៩​ របស់​ផ្នែកទាំង ០៤ របស់ក្រុមមេធាវី រួមមាន ផ្នែករដ្ឋបាល ផ្នែកសេវាកម្មច្បាប់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ រួមទាំងផ្នែកអធិការកិច្ច និងវិន័យ ។

បន្ទាប់មក ការបែងចែកក្រុមពិភាក្សា ដើម្បីឆ្លុះបញ្ចាំង​លើសកម្មភាពការងាររបស់ក្រុមមេធាវី ដោយប្រើប្រាស់នូវឧបករណ៍ SWOT & BEEM ។ សម្រាប់ដំណើរការបន្ទាប់នៃកិច្ចប្រជុំ គឺការ​បង្ហាញ​អំ​ពី​ផែនកា​រអភិវឌ្ឍន៍​ខ្លួនរបស់ផ្នែកទាំងបួន និងផែន ការអភិវឌ្ឍន៍ខ្លួនរបស់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់របស់ក្រុមមេធាវី សម្រាប់ឆ្នាំ២០២០៕