(ភ្នំពេញ)៖ នាយកក្រុមហ៊ុន ស៊ីង បាយអូថេក(Think Bio-Tech) លោក​ លូ ឈូឆាង បានថ្លែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩នេះថា ការ​ចោទប្រ​កាន់ដែល គ្មានមូល​ដ្ឋានរបស់ក្រុមជន​ឱកាស​និយមមួ​យ​ចំនួន ដែលជ្រ​កក្រោម​ស្លាកសកម្មជនបរិស្ថានដែលថា ក្រុមហ៊ុន ស៊ីង បាយអូថេក កាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍គឺ ជាការលាបពណ៌ដ៏ពិសពុលបំផុតប្រឆាំងនឹងក្រុមហ៊ុន និងមានរបៀបវារៈនយោបាយនៅពីក្រោយខ្នង ចិញ្ចឹមទំនាស់ប្រឆាំងនឹងការវិនិយោគទុនស្របច្បាប់។

លោក លូ ឈូឆាង បានគូសបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក មិនបានទទួលទិញឈើពីខាងក្រៅឡើយគឺ ប្រមូលតែអនុផលព្រៃឈើ ដែល​មាននៅក្នុង​តំ​បន់​ដែល​ខ្លួនទទួល​បាន​សិទ្ធិ​ប្រើប្រាស់​តែប៉ុណ្ណោះ និងបានបង់ពន្ធសួយសារតាមច្បាប់កំណត់ត្រឹមត្រូវ។

លោក​នាយកក្រុមហ៊ុន ស៊ីង បាយអូថេករូបនេះ បានថ្លែងឲ្យដឹងផងដែរថា ក្រុមហ៊ុន​ធ្វើសកម្មភា​ព​ស្រប​តាមកិ​ច្ចសន្យា និងនៅ​លើ​​ទំហំ​ផ្ទៃ​ដី​ដែ​​លខ្លួនទទួ​លបា​ន​ សិទ្ធិ​ប្រើប្រាស់ពីរ​ដ្ឋាភិបា​លតែ​ប៉ុណ្ណោះ។ លោកបាន​ស្នើដ​ល់​​ក្រុមសកម្មជន​បរិស្ថាន​ដែល ទទួ​លថវិកាពី​បរទេ​ស​ដើម្បីធ្វើ​សកម្មភាព​ប្រឆាំងនឹងកា​ររីកចម្រើន​កម្ពុជាត្រូវបញ្ឈប់ជា​បន្ទាន់នូវការ​គិតបែ​បអវិជ្ជមាន និង​ការ​ចោទ​ប្រកាន់​ដែល​មា​ន​លក្ខណៈ​មួល​ប​ង្កាច់ខុ​ស​ពីការពិត និង​ឈរលើ​មូ​លដ្ឋានព័ត៌មា​នមិនពិត និ​ងមានលក្ខណៈ​នយោ​បាយ​ប្រឆាំង​នឹងក្រុមហ៊ុនលោក។

លោក លូ ឈូឆាង បានគូសបញ្ជាក់​ពីកិ​ច្ចខិត​​ខំប្រឹង​ប្រែង​របស់​ ក្រុ​មហ៊ុន​ ស៊ីង បា​យអូថេក​ក្នុង​ការ​អ​ភិវឌ្ឍ​ច​ម្ការ​ឈើដាំ សម្រាប់ប​ម្រើ​វិស័យ​ឧស្សាហកម្ម​ឈើកែច្នៃ​នៅកម្ពុជា និងការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ និងសហគមន៍​ដែលរ​ស់នៅក្នុ​ងតំ​បន់នោះ ដែល​មា​នដីទំនេ​រដើម្បី​សហ​ការដាំកូនឈើ​ជាលក្ខ​ណៈដៃគូ បង្កើត​ការងារ​ជូនប្រជាពលរដ្ឋ និងបង្កើន​ជីវភាពរ​បស់ពួក​គាត់។

កាលពីថ្ងៃសុក្រ លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៊ីង បាយអូថេកបានថ្លែងឱ្យដឹងថា នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខាងមុខ ក្រុមហ៊ុន ស៊ីង បាយអូថេក មានផែនការ​ដាំកូនឈើជាង ៣០លានដើម ដើម្បីឆ្លើយ​​តបទៅនឹងតម្រូវ​ការ​ទីផ្សា​រ​ប្រើប្រា​ស់ឈើ ក្នុងវិស័​យឧ​ស្សាហកម្ម​កែច្នៃឈើ ដែលប​ច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​វិស័យ​សំណង់ ដែល​កំ​ពុង​តែ​ត្រូវ​ការ​ឈើកែ​ច្នៃខ្លាំង សម្រាប់​បម្រើ​ឱ្យការសាងសង់ សំណ​ង់ផ្សេងៗ ដែលកំពុ​ងតែរីកដុះដា​ល យ៉ាងច្រើន​ទាំងនៅ​ក្នុង​រាជ​ធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត។

តាមការឱ្យដឹងរបស់​លោក លូ ឈូឆាង រហូតមកទល់ពេលនេះ ក្រុមហ៊ុន​បានប​ញ្ច​ប់ការ​ដាំកូនឈើ​បា​នចំនួន ៩៣៧ហិកតា ដែលមាន​កូនឈើ​ចំនួន​ ១,១លានដើម ដែល​ជាប្រភេទ​ដើម​ប្រេង​ខ្យល់​ដែល​រំពឹ​ង​ថានឹ​ងអាច​ទទួល​ផល នៅក្នុង​រ​​យៈពេល ៥ឆ្នាំទៀត។ ការដាំ​ចម្ការ​ឈើ​ចំនួន ៩៣៧ ហិកតា​នេះ​ត្រូវ​បាន​លោក លូ ឈូឆាង បានថ្លែងថា​ ធ្វើ ឡើង​ត្រឹមតែរ​យៈពេល ៤ ខែតែ​ប៉ុ​ណ្ណោះ​ក្រោយពេ​លទ​ទួល​បានសិ​ទ្ធិគ្រប់​គ្រង​ពេញលេញ​តាមផ្លូ​វច្បាប់ពី​ ក្រុមហ៊ុន​កូរ៉េមក។

លោក លូ ឈូឆាង ថ្លែងថា នៅអំឡុងពេល​គ្រប់គ្រងដោយវិនិយោគិនកូរ៉េ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេក បានដាំចម្ការឈើចំនួនជាង ៤០០០ ហិកតា ប៉ុន្តែ​បា​ន​ខូចខាត​ភាគ​ច្រើនដោ​យសា​រតែមាន​ភ្លើងឆេះ ហើយ​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំថ្មីនៃក្រុមហ៊ុនស៊ីងបាយអូថេកដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅខែធ្នូ ឆ្នាំ ២០១៨ និងទទួល​បានកា​រអនុញ្ញាត​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ បានគិតគូរ និងរៀបចំបន្តផែនការលើការដាំចម្ការឈើដើម្បីបម្រើឱ្យឧស្សាហកម្មឈើកែច្នៃ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ បម្រើឱ្យវិស័យសំណង់។

លោកក៏បា​នឱ្យដឹងផងដែរ​ថា ចាប់ពី​ខែវិច្ឆិកា ឆ្នាំ២០១៩ មក ក្រុមហ៊ុន ស៊ីងបាយ អូថេក បានចាប់​ផ្តើមឈូ​សឆាយលើផ្ទៃដីទំហំ ៥០០០ហិកតា ហើយ​គ្រោងនឹ​ងចា​ប់ផ្តើម​ដាំដុះកូនឈើនៅ​ក្នុង​អំឡុង​ខែឧ​សភា ឆ្នាំ២០២០ លើ​ផ្ទៃដីដែលបានឈូសឆាយទាំងអស់ ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើម។ នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការឈូសឆាយលើផ្ទៃដី ១០ ០០០​ហិក​តា​ក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួនជាង ២៥លានដើម។ ផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ។

លោក លូ ឈូឆាង បាន​ថ្លែងបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាមផែនការអាជីវកម្មរបស់ខ្លួន ព្រោះ​ក្រុម​​ហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាមបច្ចេកទេស។ លោកបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន Angkor Plywood មិនមាន​ការជា​​ប់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើអា​ជីវកម្មកែ​ច្នៃ​ឈើជាមួ​យ​ក្រុមហ៊ុន ស៊ីង បាយអូថេក ដូចមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់នោះឡើយ។

លោកបានអះអាង​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃ​របស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួង​កសិកម្ម រុក្ខប្រមាញ់ និង​នេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លើផ្ទៃដីសរុបទំហំ ៣៤ ០០៧ហិកតា នៅ​លើដី​រប​ស់​ស្ថានី​យ​ផ្សព្វ​ផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែល​ជាផ្ទៃ​ដី​ព្រៃរិច​រិល​ស្ថិ​ត​ក្នុងទំ​ហំដី ដែល​បាន​ទទួល សិទ្ធិ​​ប្រើប្រាស់ សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើ ដែល​បាន​ពីកា​រឈូ​សឆាយដី​ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ នៅក្នុងអនុតំបន់ ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់៕