(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី និងលោក ស៊ាក ឡេង អនុប្រធានកិត្តិយស រួមទាំងសហការីនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារខ្មែរឥស្លាម ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ២២៦គ្រួសារ មកពីឃុំកោងកាង និងឃុំពពេល ក្នុងស្រុកពញាក្រែក។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយសម្រាល ការលំបាកសម្រាប់ ចែកជូនប្រជាពលរដ្ឋទាំងអស់។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងលើកទឹកចិត្តបងប្អូនទាំងអស់ បង្កើនក្តីសង្ឃឹម ព្រោះថាបងប្អូនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបារម្ភយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះបងប្អូនផ្តល់ភាពកក់ក្តៅ ជូនពលរដ្ឋគ្រប់ៗរូប ដោយមិនរើសអើងពូជសាសន៍ សាសនា រឺនិន្នាការនយោបាយអ្វីនោះឡើយ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានស្នើដល់អាជ្ញាធរក្នុងមូលដ្ឋានមេឃុំមេភូមិ ត្រូវប្រមូលព័ត៌មានថា ប្រជាពលរដ្ឋណាខ្លះដែលក្រីក្រលំបាក និងជួបបញ្ហានានា សូមរាយការណ៍ទៅអភិបាលលោកស្រុក រឺលោកផ្ទាល់ ដើម្បីឲ្យលោកបានដឹង និងជួយបងប្អូនទាន់ពេលវេលា ដោយមិនទុក្ខឲ្យនៅកំព្រារងាម្នាក់ឯងនោះឡើយ។

លោក ក៏បានអំពាវនាវផងដែរ ដល់ឪពុកម្តាយទាំងអស់ មេត្តាបញ្ជូនកូនទៅសាលារៀន យ៉ាងហោចណាស់ ក៏បានត្រឹមថ្នាក់ទី៩ដែរ ខ្វះខាតយ៉ាងណា លោកនិងជួយសម្រួល ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលនឹងនាំឲ្យកូនៗក្មួយៗមានអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯងផ្ទាល់ និងជូយក្រុមគ្រួសារវិញផងដែរ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូនទាំង៥៧គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១ដប និងថវិការ២០ម៉ឺនរៀល ព្រមទាំងប្រគល់ឈើច្រត់ថ្មីចំនួន៦ ជូនដល់បងប្អូនជាជនពិការផងដែរ ដែលឧបត្ថម្ភដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕