(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្ដូងស្នប់ចំនួន៦ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំចំនួន៣ រួមមាន៖ ឃុំ គោករវៀង, ឃុំខ្នុរដំបង និងឃុំផ្ដៅជុំ ក្នុងស្រុកជើង ខេត្ដកំពង់ចាម។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ តែងតែដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុក្ខចោលនរណាម្នាក់នោះឡើយ ជាពិសេស ដោះស្រាយរាល់ទុក្ខលំបាក និងភាពខ្វះខាតភ្លាមៗ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានល្អប្រសើរ។

ក្នុងឱកាសប្រគល់អណ្ដូងស្នប់ចំនួន៦ ជូនប្រជាពលរដ្ឋខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានភាពសប្បាយរីករាយ ដែលមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយមិនចំណាយថវិកា ដើម្បីទិញទឹកយកប្រើជាប្រចាំថ្ងៃទៀតនោះទេ។ លើសពីនោះ ជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋផងដែរ តាមរយៈអណ្ដូងទឹកស្អាតនេះ និងលែងប្រើប្រាស់ទឹកតាមប្រឡាយ ដែលអាចផ្ដល់បញ្ហាដល់សុខភាពរបស់អ្នកស្រុក។

ក្នុងឱកាសនោះផងដែរ អ្នកស្រី ចាន់ណា ដែលរស់នៅឃុំគោករវៀង ស្រុកជើងព្រៃ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង និងប្រាប់ឱ្យដឹងថា «ពេលនេះ គ្រួសារខ្ញុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ នៅក្បែរផ្ទះហើយ មិនចំណាយលុយទិញទឹកដូចរាល់ថ្ងៃទៀត។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់តំណាងរាស្រ្ដពួកខ្ញុំ ព្រោះគាត់ តែងតែ ចុះមកសួរសុខទុក្ខ ស្វែងយល់ការលំបាក ភាពខ្វះខាត និងបញ្ហាប្រឈមនានា រួមទាំងគ្រោះមហន្ដរាយធម្មជាតិជាដើម»

លោកតំណាងរាស្ដ្រ ម៉ា ឈឿន បានដោះស្រាយរាល់ការសំនូមពររបស់ពួកយើង ជាក់ស្ដែងដូចអណ្ដូងទឹក ផ្លូវថ្នល់ វត្ដអារាម ស្បៀង និងសម្ភារមួយចំនួន ដែលជាតម្រូវការចាំបាច់ ដើម្បីផ្ដល់ភាពសុខសាន្ដ ក្នុងការរស់នៅអ្នកភូមិ។

ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងឱ្យដឹង គិតត្រឹមពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី០៨ ខែធ្នូនេះ លោក បានប្រគល់អណ្ដូងស្នប់ចំនួន២០ហើយ ជូនដល់ប្រជាពលរដ្ឋនៅតាមឃុំនិមួយៗដោយក្នុងមួយឃុំ មានអណ្ដូងស្នប់ចំនួន២។ លើសពីនោះ តំណាងរាស្ដ្រដ៏គំរូរូបនេះ នឹងបន្ដផ្ដល់អណ្ដូងស្នប់បន្ថែមទៀត នៅតាមភូមិ ឃុំ ណាដែលមានតម្រូវបន្ថែម។

តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងបន្ដថា «យើង នឹងបន្ដចុះមកស្វែងយល់ និងដោះស្រាយរាល់បញ្ហា ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋយើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍភូមិឃុំ និងប្រទេសជាតិកាន់តែភាពល្អប្រសើរ ជាពិសេស លើកកម្ពស់ជីវភាពរបស់ពលរដ្ឋយើង»

សូមជម្រាបថា អណ្ដូងស្នប់មួយ ចំណាយថវិកាចំនួន ២ពាន់ដុល្លារ ដែលជាថវិកាផ្ទាល់របស់តំណាងរាស្ដ្រ ម៉ា ឈឿន ហើយនៅសប្ដាហ៍ក្រោយនេះ លោកបណ្ឌិត នឹងបន្ដដាក់ប្រើប្រាស់អណ្ដូងស្នប់មួយចំនួនទៀត នៅតាមឃុំនិមួយៗនៅស្រុកជើងព្រៃ៕