(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញអ្នកចូលរួមចំនួន ១២,១៧៥នាក់ មកពី ៨៥ប្រទេសលើពិភពលោក គ្រាដែលលទ្ធផលវិញ្ញាសាពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ត្រូវបានផ្លាស់ប្ដូរតំណែងជើងឯកទាំងផ្នែកបុរស និងនារី បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញមួយព្រឹកនៅថ្ងៃទី០៨ ខែធ្នូនេះ។

ចំពោះលទ្ធផលរត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសឆ្នាំនេះ ជើងឯកបានទៅកីឡាករជប៉ុន Saeki Makino ទទួលបានមេដាយមាស ដោយប្រើថិរវេលសា ១ម៉ោង ៧នាទី និង ៣៤វិនាទី ដ្បិតឆ្នាំមុនម្ចាស់មេដាយមាស គឺកីឡាករបារាំង Cuzzucoli Valentin ខណៈលេខ២ បានទៅកីឡាករឆេក Fabian Downs ប្រើថិរវេលា ១ម៉ោង ៩នាទី និង ៣០វិនាទី និងលេខ៣ បានទៅកីឡាករ Samuel Fletcher ប្រើថិរវេលា ១ម៉ោង ៩នាទី និង ៣៤វិនាទី។

រីឯផ្នែកនារីរត់ ២១គីឡូម៉ែត្រ លេខ១ គឺកីឡាការិនីអៀរឡង់ Nic Amalaoibh Maire ដោយប្រើថិរវេលា ១ម៉ោង ២៤នាទី និង ៥៥វិនាទី ខណៈកាលពីឆ្នាំមុន នាងដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះ ហើយលេខ២ បានទៅកីឡាការិនីជប៉ុន Marina Matsuura ប្រើថិរវេលា ១ម៉ោង ២៨នាទី និង ១៩វិនាទី និងលេខ៣ បានទៅកីឡាការិនីកម្ពុជា Hannah Bochsnich ប្រើថិរវេលា ១ម៉ោង ២៩នាទី និង ១៩វិនាទី។

ដោយឡែកលទ្ធផលរត់ ១០គីឡូម៉ែត្រវិញ ផ្នែកបុរសលេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករជប៉ុន Miyazaki Hiroyuki និងលេខ៣ កីឡាករកម្ពុជា សុខ ចេស្ដា ខណៈផ្នែកនារី លេខ១ កីឡាការិនីអូស្ដ្រាលី Rosel Bec, លេខ២ កីឡាការិនីកម្ពុជា Botyum Por និងលេខ៣ កីឡាការិនីកម្ពុជា តាំង សុភី។ ឯលទ្ធផលរត់ ៥គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករ ឯម ម៉ឺន, លេខ២ កីឡាករ សៃ ម៉ា, លេខ៣ កីឡាករ ចាន់ ហាងហាក់ ដែលសុទ្ធតែជាកីឡាករកម្ពុជា ហើយផ្នែកនារី លេខ១ កីឡាការិនីកម្ពុជា Sopheap Koin, លេខ២ និងលេខ៣ គឺកីឡាការិនី Annika Galloway និង Kathaerine Ortiz មកពីអាមេរិកដូចគ្នា ។

បន្ទាប់ពីចប់ការប្រកួតលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដោយសារមិនត្រឹមមានកំណើនអ្នកចូលរួមច្រើនពីបរទេសនោះទេ សូម្បីប្រជាពលរដ្ឋខ្មែរ ក៏មានការចាប់អារម្មណ៍ចូលរួមកាន់តែច្រើនផងដែរ។ តាមរយៈកំណើនជារៀងរាល់ឆ្នាំនេះ លោករំពឹងថា នៅឆ្នាំក្រោយការចូលរួមនឹងកើនឡើងកាន់តែខ្លាំង ព្រោះការផ្សព្វផ្សាយបន្ដរបស់អ្នកធ្លាប់ចូលរួមដល់មិត្តភ័ក្ដ្រ ឬបងប្អូនពួកគេ ដើម្បីចូលរួមរត់កម្សាន្ដនៅកន្លែងដ៏ល្អឯក គឺនៅតំបន់ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ៕