(ភ្នំពេញ)៖ ថ្នាំញៀនចំនួន ១០កញ្ចប់ ដែលបក្ខពួកជនសង្ស័យប្រុសស្រី២នាក់ កំពុងធ្វើសកម្មភាពជួញដូរ ត្រូវឃាត់ខ្លួនដោយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ ក្រោយពីទទួលបទបញ្ជាតាមស្រាវជ្រាវបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត ខាងលើនេះ បានធ្វើឡើងនៅរៀងរាល់បើកកិច្ចប្រជុំគណៈអធិការ ដោយមានការចូលរួមពីលោកអធិការរង តាមផែនជំនាញនិមួយៗ នាយផ្នែក នាយប៉ុស្ដិ៍ និងនាយរងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង ៧ផងដែរ សំដៅលើការពង្រឹង រក្សាការពារសន្តិសុខ សុវត្ថិភាព ក្នុងការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ ចំពោះការតាមស៉ើបអង្កេតឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន ទាំង២នាក់នេះដែរ គឺបានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចសំណង់មិនរៀបរយ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង២៣៖៣០នាទីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ បញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធសកម្មភាពជួញដូរថ្នាំញៀនឈ្មោះ ហ៊ឹម ផាន់ណា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងម្នាក់ទៀត ឈ្មោះ ពេញ ឈឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តឧត្តមរាវតី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ដដែល បានឲ្យដឹងផងដែរថា មុនឈានដល់ការបង្ក្រាបក្រុមជនសង្ស័យជួញដូរថ្នាំញៀនទាំង២នាក់, កម្លាំងប៉ុស្ដិ៍-ខណ្ឌ បានប្រើពេលសហការស្រាវជ្រាវកំណត់ពីអត្តសញ្ញាណ និងគោលដៅចេញ-ចូលធ្វើសកម្មភាពចែកចាយច្បាស់លាស់ជាមុនសិន ទើបបើកការឡោមព័ទ្ធបង្ក្រាបតែម្ដង បន្ទាប់មានបទបញ្ជាភ្លាមៗ ពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ។

យ៉ាងណាក៍ដោយ ក្រោយពីបង្ក្រាបដកហូតថ្នាំញៀន ចំនួន១០កញ្ចប់តូចៗ លើជនសង្ស័យចំនួន២នាក់ ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕