(ភ្នំពេញ)៖ នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការតូចមួយ ដើម្បីសម្រេចចំពោះបណ្តឹងរបស់ក្រុមមេធាវីរបស់ លោក កឹម សុខា ដែលបានដាក់ពាក្យប្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ។

ចៅក្រមជំនុំជម្រះនៅរសៀលនេះ រួមមាន លោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សា លោក សួស សំអាត និង លោក យូ ប៊ុនណា ជាចៅក្រមប្រឹក្សា។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះហើយ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា។

បន្ទាប់ពីមានការសម្រេចនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា បានសម្រេចដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា នៅជំនុំជម្រះ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។

ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖

ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕