(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៤ នៃកម្មវិធី UCMAS យ៉ាងស្វីតស្វាញដែលមានសិស្ស UCMAS ជាច្រើនរូបមានទាំង ជាតិ អន្តរជាតិ ដែលមកពីប្រទេសផ្សេងៗ គ្នាជុំវិញពិភពលោក បានមកធ្វើការជួបជុំគ្នាប្រឡងនៅមជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅពេលនេះបានរកឃើញសិស្សទទួលបានជ័យលាភីហើយ ដែលមានចំនួនសរុប ១,២១៥នាក់ ក្នុងនោះសិស្សជ័យលាភីលើវិញ្ញាសារសសេរចំនួន ១,១៨៥នាក់ និងវិញ្ញាសារស្តាប់ចំនួន ៣០នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ៤,០០០នាក់ មកពី៤0ប្រទេសជុំវិញពិភពលោក។

កម្មវិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិកនិងប្រធាន UCMAS អន្តរជាតិ, លោក លី សាឃុន អគ្គនាយកសាលាអាយឃីដ ដែលជាអ្នកទទួលសិទ្ធផ្តាច់មុខកម្មវិធី UCMAS នៅក្នុងប្រទេសកម្ពុជា, កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា, គណៈគ្រប់គ្រង UCMAS អន្តរជាតិ, ម្ចាស់អាជ្ញាប័ណ្ណ UCMAS ថ្នាក់ជាតិនិងអន្តរជាតិរួមជាមួយនឹងអាណាព្យាបាលសិស្ស ក្នុងគោលបំណងចូលរួមអបអរសាទរ ដល់បេក្ខជនជ័យលាភីប្រឡងថ្នាក់អន្តរជាតិនៃកម្មវិធី UCMAS ។

លោកបណ្ឌិតសាស្រ្តាចារ្យ ឌីណូ វង្ស បានសម្តែងនូវការអបអរសាទរដោយក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះជ័យលាភីរបស់កុមារ UCMAS (យូ ស៊ី ម៉ាស) ទាំងអស់ ហើយលោកបានប្រាប់ឱ្យដឹងថា កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ ក្នុងឆ្នាំ២០១៩ នេះគឺយើងផ្តោតយ៉ាងសំខាន់ទៅលើប្រធានបទមួយគឺ «THINK AS A WINNER AND ACT AS A WINNER» ដែលជាសារមួយដ៏មានអត្ថន័យ និងសាកសមបំផុតសម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សាកម្មវិធី UCMAS ព្រោះថា តាមរយៈកម្មវិធី សិក្សានេះយើងតែងតែបានបណ្តុះនូវផ្នត់គំនិតវិជ្ឆមានល្អៗ ជាច្រើនក្នុងការរៀនសូត្ររបស់ពួកគេ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកជោគជ័យម្នាក់ទាមទារឱ្យបេក្ខជន និងសិស្សានុសិស្សទាំងអស់ត្រូវតែមានមហិច្ឆតាខ្ពស់ក្នុងការខិតប្រឹងប្រែងអនុវត្តន៍ ឱ្យបានជាប្រចាំ ទើបអាចសម្រចគោលដៅបាន ហើយត្រូវចងចាំថាជ័យជម្នះមិនអាចកើតឡើងត្រឹមតែមួយពេលនោះទេ។ ឆ្នាំ២០២០ខាងមុខនេះ ប្រទេសឥណ្ឌានឹងទទួល ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៥ (25th UCMAS World Cup 2020) ក្នុងទីក្រុង Mumbai (បុមបៃ)។

លោក លី សាឃុន បានឱ្យដឹងដែរថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ ក្នុងឆ្នាំ ២០១៩នេះ។ តាមរយៈកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៃកម្មវិធី UCMASនេះ ពិតជាបានផ្តល់នូវបទពិសោធន៍ជាច្រើន សម្រាប់ប្អូនៗជាបេក្ខជនប្រឡង ពោលគឺដើម្បីឱ្យពួកគេបង្កើនបាននូវភាពជឿជាក់ និងភាពក្លាហានក្នុងការប្រកួតប្រជែង ជាមួយខ្លួនឯងនឹងបេក្ខជនដទៃទៀត។

លោកក៏បានរំលឹកថាកម្មវិធី UCMAS គឺជាកម្មវិធីអភិវឌ្ឍខួរក្បាលលំដាប់ពិភពលោក ដែលជួយឱ្យកុមារមានភាពឆ្លាតវៃក្នុងការគណនាលេខបានយ៉ាងរហ័ស និងត្រឹមត្រូវ។ ដែលបច្ចុប្បន្នកម្មវិធី UCMAS មានបង្រៀនច្រើនជាង៨០ប្រទេស និង ៨,០០០សាខាជុំវិញពិភពលោក ស្របពេលដែលកម្មវិធី UCMAS ក្នុងប្រទេសកម្ពុជា មានសិស្សកំពុង សិក្សាច្រើនជាង១ម៉ឺននាក់ក្នុង ៥៣សាខាផងដែរ៕