(ភ្នំពេញ)៖ គណៈប្រតិភូសហភាពបញ្ញវ័ន្ដមុស្លិមកម្ពុជា (CMIU) នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ

បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូណេស៊ី ជាមួយនឹងលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដឹកនាំដោយទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ នៃសហភាពបញ្ញវ័ន្ដមុស្លិមកម្ពុជា រួមមានសមាជិក សមាជិកា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួងនានា បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងសន្និសីទបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) ហើយសន្និសីទនេះ ក៏ត្រូវបានអញ្ជើញជាអធិបតីភាពដោយ លោកសាស្ត្រាចារ្យ បណ្ឌិត Ma'ruf Amin អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី នៅឯសាកលវិទ្យាល័យជាតិប៉ាដាំង ទីក្រុងប៉ាដាំង កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងបង្រួបបង្រួម បញ្ញវន្តមុស្លិមទូទាំងបណ្ដាប្រទេស ជាសមាជិកអាស៊ាន និងការពិភាក្សាជាយុទ្ធសាស្ត្រទាក់ទង នឹងលក្ខន្តិកៈនៃសមាគម ច្បាប់ការងារ រចនាសម្ព័ន្ធថ្នាក់ដឹកនាំនៃ ICMA រួមជាមួយប្រធានបទពាក់ព័ន្ធដទៃទៀត ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា រវាងបញ្ញវន្តមុស្លិម នៃប្រទេសជាសមាជិកដោយភាតរភាព និងរឹតចំណងទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើង និងយូរអង្វែងដែលមានតំណាងប្រទេស ជាសមាជិកចំនួន១១ ប្រទេសចូលរួម។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា តាមរយៈសន្និសីទ ក៏ដូចសម្ព័ន្ធនេះធ្វើឲ្យលោក និងគណៈប្រតិភូកម្ពុជា បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយឥស្សរជននយោបាយធំៗ មន្ត្រីគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ក្រោមរហូតដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៃបណ្ដាប្រទេសជាសមាជិក ជាពិសេសប្រជាជន និងប្រទេសឥណ្ឌូណេស៊ីផ្ទាល់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

នៅក្នុងឱកាសនោះ សាកលវិទ្យាល័យខេត្តប៉ាដាំង (UNP) បានឯកភាពផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា ចំនួន១៥នាក់ សម្រាប់ឆ្នាំសិក្សា ២០២០នេះផងដែរ។ សន្និសីទត្រូវបានបិទបញ្ចប់នៅថ្ងៃទី៨ ខែធ្នូកន្លងទៅ ក្រោមអធិបតីភាព លោកបណ្ឌិតហាជ្ជី Zulkifli Hasan អនុប្រធានព្រឹទ្ធសភា ដែលជាប្រធានក្រុមប្រឹក្សាអ្នកជំនាញបច្ចេកទេស ICMI៕