(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញមន្ត្រីជំនាញអធិការកិច្ច នៃកងទ័ពកម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងមានទំនាក់ទំនងឱ្យកាន់តែច្រើនឡើងថែមទៀត តទៅអនាគតខាងមុខ។

ការជំរុញបែបនេះ របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងឱកាសដែលសម្តេចអនុញ្ញាតឧត្តមសេនីយ៍ទោ Jiang Hong Jun អគ្គនាយក អគ្គនាយកដ្ឋានអធិការកិច្ច នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍ចំពោះគណៈប្រតិភូ អគ្គនាយកដ្ឋានអធិការកិច្ច នៃកងទ័ពរំដោះប្រជាជនចិន ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ជាំង ហុងជុន ដោយបានចាត់ទុកថា នេះជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំថែមទៀត រវាងកងទ័ពប្រជាជន នៃប្រទេសទាំងពីរកម្ពុជា និងប្រទេសចិន ពិសេសនៅលើវិស័យជំនាញអធិការកិច្ច នៃកងទ័ពប្រទេសទាំងពីរ។

សម្តេចពិជ័យសេនាបានបន្ថែមទៀតថា ប្រទេសកម្ពុជា និងចិន ជាប្រទេសមួយ ដែលមានទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់ណាស់មកហើយ។ ដោយឡែក ក្រសួងការពារជាតិ និងកងទ័ពទាំងពីរ បានមានទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការដ៏ល្អ បានក្លាយជាចំណងមិត្តភាពដែកថែប។ កន្លងមកនេះ បានយើងបានសហការធ្វើលំហាត់សមយុទ្ធនាគមាសរវាង កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយឧបត្ថម្ភ សម្ភារៈបរិក្ខាពេទ្យយ៉ាងច្រើនដល់កម្ពុជា។

លោកឧត្តមសេនីយ៍ទោ ជាំង ហុងជុន (Jiang Hong Jun) បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានអនុញ្ញាតឱ្យលោក និងសហការី អគ្គនាយកដ្ឋានអធិការកិច្ច នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម។

លោកឧត្តមសេនីយ៍ ក៏បានជម្រាបអំពីលទ្ធផលជាផ្លែផ្កាមួយចំនួន នៃកិច្ចជំនួបពិភាក្សាការងារទ្វេភាគីរវាងអគ្គនាយកដ្ឋានអធិការកិច្ច នៃកងទ័ពរំដោះប្រជាជនចិន ជាមួយនឹងនាយកដ្ឋានអធិការកិច្ច នៃក្រសួងការពារជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ជាំង ហុងជុន បានបញ្ជាក់ថា ភាគីចិន ផ្តោតសំខាន់លើទំនាក់ទំនងរវាងចិន និងកម្ពុជា បានបង្កើតរួមវាសនា តែមួយជាមួយនឹងគ្នា ដើម្បីរួមចំណែកនៅក្នុងតំបន់លើវិស័យសេដ្ឋកិច្ច និងវិស័យសន្តិសុខ។ ឧត្តមសេនីយ៍ទោ បានយល់ឃើញថា បច្ចុប្បន្ននេះ ទំនាក់ទំនងកងទ័ពទាំងពីរ បានឈរលើប្រវត្តិសាស្ត្រថ្មីមួយ សមស្របនឹងតម្រូវការ និងផលប្រយោជន៍ស្នូល របស់ប្រទេសទាំងពីរផងដែរ៕