(ព្រៃវែង)៖ ដោយមានការឯកភាពរវាងនៃប្រទេសទាំងពីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤ បានចាក់បញ្ចាំងជូនប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្សទស្សនា នៅក្នុងបរិវេណដីឡូតិ៍ ជិតសួនច្បារសម្តេច ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង។

ការចាក់បញ្ចាំងនេះ ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស បានទស្សនាស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅលើវិស័យ វប្បធម៌ សិល្បៈ ភាពយន្ត នៃប្រទេសទាំងពីរ។ ក្នុងការចាក់បញ្ចាំងរឿងនោះផងដែរ គឺមានចំនួន២រឿង « សួស្តីលោក មហាសេដ្ឋី! និងរឿងខ្មែរមានចំណងជើងថា «ម្ចាស់កាំបិតត្នោត» នៅរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមទស្សនា ប្រមាណជា៥០០នាក់។

លោក អ៊ុក សិរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានសំដែងនូវអារម្មណ៍សប្បាយរីករាយ ដោយបានចាត់ទុកព្រឹកការណ៍នេះ បាននាំមកនូវការកំសាន្ត និងជំរុញឲ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈ រវាងប្រជាជនកម្ពុជា និងចិន។ លោកថា ភាពយន្តដើរតួនាទីដ៏សំខាន់ ក្នុងការផ្តល់ចំណេះ ស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើនរបស់ប្រទេសនីមួយៗ។

លោកចាត់ទុកថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩នេះ គឺធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន ចាត់ទុកជាឆ្នាំ នៃការផ្លាស់ប្តូរវប្បធម៌ និងទេសចររ វាងប្រទេសទាំងពីរ ក៏ដូចជាជួយជំរុញ ឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា-ចិន កាន់តែស៊ីជម្រៅ និងមានចំណងមេត្រីភាព កាន់តែរឹងមាំមួយកំរិតទៀត ចាប់ពីទីក្រុងរហូតដល់ជនបទ។

ជាមួយគ្នានោះដែរ ក្រុមយុវជនដែលបានមកទស្សនាភាពយន្តនេះ បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង និងមានបំណងចង់ឲ្យមានព្រឹត្តិការណ៍ដូចនេះ នៅលើកក្រោយៗទៀត។

បើតាមលោក រតនា រ៉ាយុទ្ធ អ្នកដឹកនាំក្រុមការងារ ចាក់បញ្ចាំងភាពយន្តចិន-កម្ពុជា នៃវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា តាមផែនការព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤» ឆ្នាំ២០១៩នេះ នឹងនាំយកនូវភាពយន្តល្បីៗជាច្រើនរឿង ទៅចាក់បញ្ចាំងនៅខេត្ត តាកែវ កំពត និងខេត្តកណ្តាលបន្តទៀត។

លោកបន្ដទៀតថា បន្ទាប់ពីបានចាក់បញ្ចាំង នៅខេត្តប៉ៃលិន ឧត្តរមានជ័យ ក្រចេះ និងខេត្តត្បូងឃ្មុំ រួចមកហើយនោះ ដើម្បីសម្រេចឲ្យបាននូវគោលដៅ ដែលត្រូវចាក់បញ្ចាំងនៅទូទាំងប្រទេស ខណៈដែលព្រឹត្តិការណ៍នេះ បានរៀបចំនៅខេត្តចំនួន២៤រួចមកហើយ ដោយមានទស្សនិកជនប្រមាណជាង១០ម៉ឺននាក់ ចូលរួមទស្សនា៕