(ព្រះវិហារ)៖ ក្នុងឆ្នាំ២០១៩នេះ សហគមន៍កសិកម្មចំនួន៣៤ ក្នុងខេត្តព្រះវិហារ ដែលមានសមាជិកផលិតសរុបចំនួន ៥៣៤១គ្រួសារ លើផ្ទៃដីសរុប ១៤៧៦៩ហិកតា បានលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន៣ តាមកិច្ចសន្យាបានបរិមាណសរុប ២២៤៦១តោន។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU RICE) ក្រុមហ៊ុនស៊ីកនេតឈរ៍អហ្វអេស៊ា (SIGNATURES OF ASIA) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ (GOLDEN RICE)។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងទៀតថា «គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនទាំង៣នេះ បានធ្វើការប្រមូលស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំងអស់ សរុប២២៤៦១តោន។ ក្នុងនោះ ក្រុមហ៊ុនហ្គោលដិនរ៉ាយ ប្រមូលស្រូវបាន ៣.១២៩តោន គ្រប់តាមផែនការ ១០០%, ក្រុមហ៊ុនអេមរ៉ុរ៉ាយប្រមូលស្រូវបានចំនួន ១២.៨៤១តោន បានប្រមាណ៧៥% ចំណែកក្រុមហ៊ុន ស៊ីកនេតឈរ័អហ្វអេស៊ា ប្រមូលស្រូវបាន ១០០០តោន បានប្រមាណ ៧០%ហើយ»

លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា ចំពោះតម្លៃស្រូវវិញកសិករទទួលបានគួរជាទីពេញចិត្ត ដោយស្រូវក្រអូបប្រភេទផ្ការំដួលសើមលក់បានតម្លៃ ១២៦០រៀលទៅ ១៣២០រៀលក្នុងមួយគីឡូក្រាម ស្រូវក្រអូបផ្ការំដួលស្ងួតលក់បានតម្លៃ ១៥០០រៀល ទៅ១៥៩០រៀល ក្នុងមួយគីឡូក្រាម ចំណែកស្រូវនាងអុក នាងអំ នាងកែវ ស្រូវត្នោតលក់បានតម្លៃ ១១៤០រៀលក្នុងមួយគីឡូក្រាម។ លោកថា ការលក់ស្រូវជូនក្រុមហ៊ុនតាមកិច្ចសន្យាទទួលបានតម្លៃខ្ពស់ជាងបើធៀប និងយើងលក់ឲ្យឈ្នួញកណ្តាល៕