(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ជាទីទុកចិត្តបំផុតនៅកម្ពុជា សម្រាប់ឆ្នាំទី២ជាប់គ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូនេះ។

ទស្សនាវដ្តី Global Brands បានចេញផ្សាយអ្នកឈ្នះពានរង្វាន់ នៅសប្តាហ៍នេះ ដោយផ្តល់រង្វាន់កិត្តិយសចំនួន២ ដល់សែលកាត គឺពានរង្វាន់ «ប្រតិបត្តិករទូរគមនាគមន៍ ជាទីទុកចិត្តបំផុត» និងពានរង្វាន់ «ភាពល្អឥតខ្ចោះ ក្នុងឧស្សាហកម្មទូរគមនាគមន៍» ដោយទទួលស្គាល់សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យារបស់សែលកាត។

ពានរង្វាន់ទាំងពីរនេះ នឹងត្រូវប្រគល់ជូនជាផ្លូវការ នៅក្នុងពិធីប្រគល់រង្វាន់នៅទីក្រុងឌូបៃ នាខែមេសា នាឆ្នាំក្រោយ។

ការទទួលបានពានរង្វាន់ទាំងពីរនេះ មានន័យថា សែលកាតបានទទួលពានរង្វាន់ សរុបរហូតដល់ចំនួន២៦ ដែលនេះ ជាការទទួលស្គាល់គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់សែលកាត ចាប់តាំងពីការដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិតល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករា ឆ្នាំ២០១៧មក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរសម្រាប់សែលកាត។

លោក អៀន វ៉ាតសុន បានបន្ដថា «នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេមានដូចជាស្ថាប័ន Ookla ស្ថាប័ន Open ស្ថាប័ន Signal ស្ថាប័ន Silicon Review ទស្សនាវដ្តី International Business ទស្សនាវដ្តី International Finance ស្ថាប័ន Telecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។

ជាងនេះទៅទៀត សែលកាត បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោក ដើម្បីលើកកម្ពស់កិត្តិនាមរបស់សែលកាត ក៏ដូចជាការបង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសអាស៊ានច្នៃប្រឌិតមួយ ដែលឈានមុខគេ។ ការទទួលស្គាល់ តាមរយៈពានរង្វាន់ជាច្រើនបញ្ជាក់ថា សែលកាតកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការសម្រេចឲ្យបាននូវចក្ខុវិស័យ ដែលចង់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឌីជីថលពេញលេញ។

ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារសែលកាតទាំងមូល ចំពោះការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំប្រឹងប្រែងបម្រើប្រជាជនកម្ពុជា៕