(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ និងទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង លើគម្រោងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យនេះ គឺដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។

កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបបរិច្ចាគ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ក្រុមហ៊ុន ជីប ម៉ុងតែងតែរួមចំណែកជាមួយរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗដូចសកម្មភាពកាកបាទក្រហម ការចែកទឹកស្អាតនៅពេលប្រជាពលរដ្ឋជួបប្រទះគ្រោះរាំងស្ងួត ការសាងសង់ផ្លូវ ព្រមទាំងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត៕