(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា សន្តិភាពត្រូវបានចាត់ទុក ជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ តម្លៃសន្តិភាពត្រូវបានចាត់ទុកក្នុងក្រអៅបេះដូង និងជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាជនកម្ពុជាទាំងមូល។ លោកអះអាងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ បានប្រើប្រាស់សិទ្ធិជាពលរដ្ឋ និងសិទ្ធិនយោបាយដោយសេរី ត្រឹមត្រូវស្ថិត នៅក្នុងព្រំដែនច្បាប់ ដែលបានកំណត់។

ការលើកឡើងនេះ របស់លោកបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំខួបលើកទី៧១ អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «យុវជនរួមគ្នាថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស» នៅសាលប្រជុំមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC), ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងប្អូនៗ និស្សិតជាច្រើននាក់។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងថា ទោសប្រហារជីវិតនៅកម្ពុជា ត្រូវបានលុបចោល កម្ពុជាជាប្រទេសឈានមុខ នៅក្នុងតំបន់ ដែលលុបចោលទោសប្រហារជីវិតនេះ។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានពង្រឹងការអនុវត្តច្បាប់ ក្នុងនាមជាប្រទេសនីតិរដ្ឋ ដើម្បីឱ្យពលរដ្ឋមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យដូចជា៖ សេរីភាពបញ្ចេញមតិ សិទ្ធិបោះឆ្នោត និងការចូលរួមជីវភាពនយោបាយ។

លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកិច្ចការនេះ មិនត្រូវកាត់ផ្តាច់ ឬរំលងពីការគោរពសិទ្ធិមនុស្ស និងការចូលរួមពីយុវជនគ្រប់រូបនោះឡើយ។ កិច្ចការទាំងនេះ អាចប្រព្រឹត្តិទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព។ ប្រជាជនមានសេចក្តីសប្បាយរីករាយក្នុងការ ទទួលផលពីសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោក កែវ រ៉េមី បានថ្លែងថា នៅឆ្នាំ២០១៩នេះ ការរៀបចំអបអរសាទរខួបលើកទី៧១ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទ «យុវជនរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស» ដោយសារតែទូរលខបច្ចុប្បន្ន យុវជននៅកម្ពុជា មានប្រមាណ ២/៣ នៃប្រជាជនសរុប នៅទូទាំងប្រទេស ដូច្នេះយុវជនជាកម្លាំងចលករដ៏សំខាន់ ដែលអាចរុញសន្ទុះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសនីមួយៗ។

មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ដើម្បីថែរក្សានូវសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ឬបណ្តាប្រទេសដទៃទៀត យុវជនដាច់ខាតមិនត្រូវ យកសិទ្ធិមនុស្ស ប្រើប្រាស់ផ្ទុយពីច្បាប់ និងការខិតខំថែរក្សាបាននូវសុខសន្តិភាព ពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងដូចបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា ត្រូវបានហិនហោចដោយសារយុវជនយកសិទ្ធិមនុស្ស ប្រើប្រាស់ហួសកំណត់ នៃព្រំដៃនច្បាប់។

លោក កែវ រ៉េមី បានបន្ថែមទៀតថា មិនថាយុវជន ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមថែរក្សាសន្តិភាព ដែលខិតខំរកបានដោយលំបាក លើសពីនេះកម្ពុជា ត្រូវបានឆាកអន្តរជាតិ ទទួលស្គាល់លើគ្រប់វិស័យទាំងសេដ្ឋកិច្ច សិល្បៈ វប្បធម៌ កីឡា។ ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ត្រូវចូលរួមថែសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ពុំអាចខ្វះបានជាមួយនឹងការរស់នៅ ដោយភាពសុខុដុមរបស់រាជរដ្ឋាភិបាលនោះ គឺជាមាគ៌ាវិវឌ្ឍន៍ទៅមុខ របស់ប្រទេសកម្ពុជា៕