(ភ្នំពេញ)៖ ដោយយោងតាមការប្តឹងពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល ទាក់ទងទៅនឹងការដាក់តាំងលក់ទំនិញក្លែងក្លាយ និងទំនិញខូចគុណភាព ក្នុងពិធីតាំងពិព័រណ៌ ស្ថិតនៅក្នុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្រ្តីមន្ទីពិសោធន៍ បានទទួលណែនាំពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី អាជ្ញាធរខណ្ឌកំបូល មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំលាំងចំរុះ ចុះត្រួតពិនិត្យទំនិញនៅទីតាំងតាំងពិព័រណ៌ ដើម្បីធ្វើការស្រាវជ្រាវ ទប់ស្កាត់ទំនិញខូចគុណភាព។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះក្រុមការងារជំនាញបានយកគំរូ ចំនួន ១៥គំរូ មកពិសោធន៍ក្នុងរថយន្តពិសោធន៍ចល័ត រកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅក្នុងពិធីតាំងពិព័រណ៌ខាងលើ។

លោក គង់ វុទ្ធី បានឲ្យដឹថា ជាលទ្ធផលក្រុមការងារជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុ ដកហូតសាប៊ូកក់សក់ ម៉ាកក្លៀបុរស ពុំមានកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករក្នុងពិធីតាំងពិព័រណ៌ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕