(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩នេះ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ តាមរយៈការរៀបចំ ឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សិទ្ធិមនុស្សលើកទី៩ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង២រសៀល នៅ Goal Sports Club រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដោយគ្មានការ រើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គមនោះឡើយ។

លោក Andre Struve នាយកទទួលបន្ទុកផ្នែករដ្ឋបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា ព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់ សម្រាប់ស្ថាប័នអប់រំ ក្នុងការបណ្តុះនូវផ្នត់គំនិតល្អ តាមរយៈការជំរុញ ការធ្វើការងារជាក្រុម ការសហការដោយគ្មានការរើសអើង នៅក្នុងសហគមន៍។

លោកបន្ដថា ព្រឹត្តិការណ៍នៅឆ្នាំនេះ មានការចូលរួមពីសំណាក់កុមារ ចំនួន៦០០នាក់ មានអាយុចន្លោះពី៦ ទៅ១៨ឆ្នាំ មកពីសាលាអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលចំនួន១០។ ក្រៅពីនេះ ក៏មានការចូលរួម ពីក្រុមហ៊ុនដៃគូ ដែលរួមមាន៖ GA Aircon, GA Construction, Monument Books and Toys, Roomchang Dental Clinic។

លោក Andre Struve បានបន្ថែមទៀតថា «យើងប្តេជ្ញារួមគ្នាបង្កើត ឲ្យមានបរិយាកាស ដែលប្រកបដោយភាពរីករាយ ដើម្បីគាំទ្រដល់ការរីកចម្រើន គ្រប់ជ្រុងជ្រោយរបស់កុមារ»