(កំពង់ធំ)៖ សមាគមបេសកម្មដំណឹងល្អ ដែលដឹកនាំដោយ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះពិនិត្យបន្ទប់ទឹកបង្គន់អនាម័យ អណ្តូងស្នប់ និងផ្ទះដែលបានសាងសងរួចរាល់ សម្រាប់ជូនប្រជាពលរដ្ននៅតំបន់ខ្វះខាត និងដើម្បីចូលរួមចំណែកថែរក្សាអនាម័យ និងឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាត។

សមាគមបេសកកម្មដំណឹងល្អ ជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ នៅក្នុងឲកាសនោះផងដែរ លោក ខាន់ ខុន ក៏បានសំណេះសំណាល និងសួរសុខទុកប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ខាន់ ខុន បានសំណូមពរពលរដ្ឋសូមជួយថែរក្សា និងការពារ ដើម្បីឲ្យសមិទ្ធផលថិតថេរ និងគង់វង្ស ហើយត្រូវមានអនាម័យ ជាពិសេសការលាងសម្អាតដៃជាប្រចាំ ពេលចេញពីបង្គន់ មុនហូបចំណីអាហារ បរិភោគទឹកស្អាត និងបន្ទោសបង់ក្នុងបង្គន់។ លោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អំពីសុខទុក្ខ ជាពិសេសសុខភាពព្រោះថាបើសិនសុខភាពមិនល្អ ធ្វើឲ្យខាតពេលប្រកបការងារ និងធ្វើឲ្យជីវភាពមានការលំបាក។

លោកបន្តថា សមាគមបេសកកម្មដំណឹងល្អ បានជួយអណ្តូងទឹក បន្ទប់ទឹកតាមសហគមន៍ ឬសាលារៀន ឆ្លើយតបគ្រោះមហន្តរាយ ជួយកុមារកំព្រា និងកុមារក្រីក្រ ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ផ្តល់អាហារដល់កុមារតាមសហគមន៍ មតេយ្យសហគមន៍ បង្រៀនភាសារអង់គ្លេស។

ប្រជាពលរដ្ឋរស់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក បានសម្តែងការសប្បាយចិត្ត ដោយទទួលបាននូវបង្គន់អនាម័យ និងអណ្តូងស្នប់ សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍របស់ពួកគេ។

គួរបញ្ជាក់ថា សហគមបេសកកម្មដំណឹងល្អ ឆ្នាំ២០១៩ បានអណ្តូងទឹកចំនួន ៥៥អណ្តូង រួមមាន៖ ក្រុងស្ទឹងសែន ៧អណ្តូង, សន្ទុក ៨អណ្តូង, បារាយណ៍ ៥អណ្តូង, តាំងគោគ ៥អណ្តូង, កំពង់ស្វាយ ១៣អណ្តូ, ស្ទោង ៣អណ្តូង, ប្រាសាទបល្ល័ង្ក ៩អណ្តូង, ប្រាសាទសំបូរ ៤អណ្តូង, សណ្តាន់ ១អណ្តូង។ ក្រៅពីនេះ មានបន្ទប់ទឹកចំនួន៤បន្ទប់ រួមមាន៖ ស្រុកកំពង់ស្វាយ២បន្ទប់, ស្រុកបារាយណ៍១បន្ទប់, ស្រុកសន្ទុក១បន្ទប់ និងផ្ទះ១ខ្នង នៅស្រុកសន្ទុក៕