(ភ្នំពេញ)៖ ឆ្លងកាត់បទពិសោធន៍ នៃការរកស៊ីជាមួយវិនិយោគិនបរទេស មកបណ្តាប្រទេសផ្សេងៗជាច្រើននោះ លោក អៀង សុធារ៉ា ពាណិជ្ជករមួយរូបរបស់កម្ពុជា ដែលកំពុងសហការអភិវឌ្ឍន៍លំនៅឋានស្តង់ដារជប៉ុនដំបូងគេនៅកម្ពុជា បានលើកឡើងពីតម្លៃរបស់វិនិយោគិនជប៉ុន ដែលមកបោះទុនវិនិយោគនៅកម្ពុជា។

លោក អៀង សុធារ៉ា សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ាបានបញ្ជាក់ថា ប្រសិនបើនៅកម្ពុជា មានវិនិយោគិនជប៉ុនកាន់តែច្រើននោះ នឹងជួយរុញសេដ្ឋកិច្ចរបស់កម្ពុជា ទៅមុខកាន់តែលឿន និងអាចឲ្យអ្នករកស៊ីកម្ពុជា អាចរៀនសូត្រពីរបៀបធ្វើការរបស់ជប៉ុនផងដែរ។

លោកបញ្ជាក់ថា ការសហការគ្នាជាមួយជប៉ុន ពិតជាមានភាពងាយស្រួល ដោយជប៉ុនតែងតែមានខន្ដី, សច្ចៈ, កត្តញ្ញូ ទោះបីជាជប៉ុនមិនបានប្រកាសខ្លួនថា ជាអ្នកកាន់សាសនាព្រះពុទ្ធពិតមែន ប៉ុន្ដែតែងតែយកការប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា ដូចជាខន្ដី, សច្ចៈ, កត្តញ្ញូ គឺប្រកាន់ភ្ជាប់រហូត។

បញ្ជាក់តាមរយៈកម្មវិធីភ្ញៀវពិសេស ប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News លោក អៀង សុធារ៉ា បានលើកឡើងថា «ខ្ញុំចង់ឃើញវត្តមានអ្នកវិនិយោគជប៉ុន កាន់តែច្រើននៅកម្ពុជា មាន២ចំណុច គឺទី១៖ អាចបង្កើន និងរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅមុខ និងទី២៖ យើងអាចរៀនសូត្រពីការធ្វើការល្អរបស់ជប៉ុនបានច្រើន»។

លោកបន្តថា តាមបទពិសោធន៍ ដែលលោកបានរកស៊ីជាមួយ អ្នកវិនិយោគជប៉ុននោះ គឺឃើញថាអ្នកវិនិយោគជប៉ុន មានការគិតល្អិតល្អន់ គិតយូរ ប៉ុន្តែបើគិតរួចរាល់ហើយនោះ គឺមានសកម្មភាពលឿនតែម្ដង ដោយមិននៅចាំយូរ ហើយនៅពេលរកស៊ីចំណេញ ពួកគេបានជួយឧបត្ថម្ភដល់អ្នកខ្វះខាត សង់សាលារៀន ដោយមូលហេតុនេះហើយ ទើបលោកចង់ឃើញអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាច្រើនថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕