(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា «កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជា ប្រកួតចាញ់វៀតណាម» ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃសៅរ៍ ទី០៧ ខែធ្នូនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅពេលសម្តេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ CUS ប្រមាណជិត ៧នាក់នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូនេះ ដោយសម្តេចបានថ្លែងថា «វាជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជាប្រកួតចាញ់វៀតណាម។ ជាតិសាសន៍ណាក៏ដោយ អត់ត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ។ ការលាបពណ៌នេះ គឺជាវប្បធម៌ដ៏អាក្រក់របស់ក្រុមប្រឆាំងផ្កាប់មុខ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ជាតិសាសន៍ណាក៏ដោយអត់ត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ ការលាបពណ៌នេះ គឺជាវប្បធម៌ដ៏អាក្រក់របស់ក្រុមប្រឆាំងផ្កាប់មុខ។ ក្រុមប្រឆាំងនេះនៅពេលចង់ផ្តួលសម្តេច នរោត្តម សីហនុ ក៏ចោទសម្តេច សីហនុ ប្រគល់ដីឱ្យយួន ហើយនៅពេលចង់ផ្តួលសម្តេច ក៏ចោទសម្តេចថាកាត់ដីឱ្យយួនទៀត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ជាតិខ្មែរនឹងមិនបានសុខនោះឡើយ បើធ្វើនយោបាយចោទគ្នា «ជាអាយ៉ងចិន វៀតណាម អាមេរិក ឬបារាំង»

បន្ថែមលើនេះ សម្តេចតេជោបានសរសើរចំពោះទម្រង់លេងបាល់ទាត់របស់កម្ពុជា ជាទម្រង់ដ៏ល្អ។ សមត្ថភាពកីឡារបស់កម្ពុជានឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១ ហើយសម្តេចបានសង្ឃឹមថា ចលនាកីឡានេះ នឹងក្លាយទៅជាចលនាជាតិមួយដ៏ធំផងដែរ។

សូមរំលឹកផងថា កីឡាករខ្សែប្រយុទ្ធជូរមុខ កែវ សុខផេង បានទទួលរងរលករិះគន់យ៉ាងសន្ធាប់ នៅពេលរូបគេភ្នាត់ស្នៀតទាត់បាល់ប៉េណាល់ទីអត់ចូលនៅចុងម៉ោងនាទី ៩០+២ ក្នុងប្រកួត U22 កម្ពុជាចាញ់ U22 វៀតណាម ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៃវគ្គ ៤ក្រុមចុងក្រោយនៅ SEA Games 2019 ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ៕