(ក្រចេះ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសារាចរណ៍ណែនាំស្តីពី ការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមបង្ការពីបញ្ហាគ្រោះធម្មជាតិ (គ្រោះរាំងស្ងួត) ដែលមានឈ្មោះថា អែល នីណូ បានជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលអាចបណ្តាលឲ្យប៉ះពាល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ជាពិសេសដំណាំកសិកម្ម ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រជាកសិករ ធ្វើឲ្យរាជរដ្ឋាភិបាល ធ្វើការពង្រឹង និងជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយបន្តដល់មូលដ្ឋានឲ្យបានយល់ច្បាស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីមានវិធានការត្រៀមបង្ការទប់ស្កាត់ និងជួយសង្រ្គោះស្រូវប្រជាកសិករ។

សម្រាប់ខេត្តក្រចេះ មានស្រុក៥ ក្រុង១ ហើយក្នុងចំណោម ៥ស្រុកនេះ ស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ដោយមកគិតមកទល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំដោយ លោក ហេង រត្ន័ម៉ូនីដា ជាប្រធានមន្ទីរ បានអន្តរាគមន៍បូមទឹកសង្គ្រោះ និងកំពុងជួយសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋ ទាំង៥ស្រុក និងក្រុង១ បាន ២.៥០០ហិកតា។ ការអន្តរាគមន៍នេះគឺប្រើប្រាស់ប្រេងរបស់មន្ទីរ សហការជាមួយនឹងប្រេងបដិភាគគ្នា ដើម្បីបូមទឹកជួយសង្គ្រោះស្រូវ។

ក្នុងនោះប្រើប្រាស់ម៉ាស៉ីនចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ដែលមានទំហំ ៣តឹក ស្ថានីយបណ្ដែតទឹកចំនួន ២ស្ថានីយ សរុបមានម៉ាស៉ីនចំនួន ៥គ្រឿង ដែលទុយូមុខកាត់ ៥តឹក អាចនឹងស្រោចស្រពលើផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋ គ្រប់គ្រាន់រហូតដល់ពេលប្រមូលផល។ ក្នុងនោះដែរ លោកក៏បានសំណូមពរបន្ថែម ឱ្យធ្វើស្រែប្រាំងតែមួយលើកបានហើយ៕