(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងប្រតិភូឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៉ី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានជួបគ្នាដើម្បីសម្តែងការគួរសម និងពិភាក្សាឈ្វេងយល់ សក្តានុពលនៅក្នុងខេត្តនេះ។

ភាគីខេត្តបាត់ដំបង ដឹកនាំដោយលោក ហឿង សុគន្ធ អភិបាលខេត្តស្តីទី តំណាងឲ្យលោក ងួន រតនៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរជំនាញមួយចំនួនទៀត ហើយភាគីប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា ដឹកនាំដោយលោក ស៊ូឌីម៉ាន់ ហាសេង និងសហការីចូលរួមផងដែរ។

លោក ហឿង សុគន្ធបានស្វាគមន៍ដល់ប្រតិភូឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៉ី ប្រចាំនៅកម្ពុជា ដោយបានបញ្ជាក់ពីលក្ខណៈភូមិសាស្រ្ត និងប្រជាពលរដ្ឋរស់នៅ ពិសេសសក្តានុពលល្អ ទាំងវប្បធម៌ ប្រពៃណី ក្នុងនោះក៏មានវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ។

លោក ហឿង សុគន្ធ បានបញ្ជាក់ថា ខេត្តបាត់ដំបង មានក្រុង-ស្រុក ចំនួន១៣ស្មើ និង១០២ឃុំ និងមាន៨០៩ភូមិ មានប្រជាពលរដ្ឋរស់នៅ១,២០៥,០៥០នាក់ ក្នុងនោះស្រី៦០២,៩៩៤នាក់ ស្មើនឹង ២៦៣,៤៣៥គ្រួសារ មុខរបរចំបងធ្វើកសិកម្មមាន៧២% សល់ពីនោះ គឺប្រកបរបរដាំដំណាំកសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យជាច្រើនផ្សេងៗគ្នាទៀតផងដែរ។

លោក ស៊ូឌីម៉ាន់ ហាសេង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ដែលបានបង្កលក្ខណៈ និងជួយសម្រួលដល់ភាគីទាំងពីរ បានជួបសម្តែងការគួរសម និងឈ្វេងយល់ ពីសក្តានុពលល្អ លើទឹកដីខេត្តបាត់ដំបង ព្រមទាំងបានស្វែងយល់ឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត មានសុខសុវត្ថិភាពល្អ មានសន្តិភាព និងការអភិវឌ្ឍខ្លាំង និងមានទីក្រុងស្អាតទៀតផង។ លោកបានបន្តថា ក្នុងជំនួបគ្នារវាងភាគីទាំងពីរនាថ្ងៃនេះ បានធ្វើឲ្យប្រទេសយើងទាំងពីរបានយល់កាន់តែច្បាស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដើម្បីនាំពាណិជ្ជករមកធ្វើវិនិយោគ នៅលើទឹកដីខេត្តបាត់ដំបងផងដែរ។

លោកក៏បានបញ្ជាក់ទៀតថា ប្រទេសឥណ្ឌូនេស៉ីសន្យា នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងខេត្តបាត់ដំបងបានទៅរៀនបន្តនៅឥណ្ឌូនេស៉ីទៀតផង។ ក្នុងឱកាសនោះដែរ ប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ី បានអញ្ជើញទស្សនា អគារបុរាណសាលាខេត្តចាស់ ដែលនាមតាំងលម្អវត្ថុបុរាណប្រវត្តិសាស្រ្តមួយចំនួនផងដែរ៕