(ភ្នំពេញ)៖ កម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ និងត្រៀមបញ្ជូន-ទទួលពលករកម្ពុជា ឱ្យទៅធ្វើការនៅអារ៉ាប់រួម ខណៈមានការអះអាងថា បច្ចុប្បន្នការរស់នៅ និងការប្រកបការងារក្នុងប្រទេសនេះ កំពុងមានសុខដុមនីយកម្មយ៉ាងល្អប្រសើរ។

ការអះអាងយ៉ាងដូច្នេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Saif Abdulla Mohammed Khalfan Alshamisi (អាប់ឌុលឡា មហាម៉េដ) ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

នៅមុនជំនួបពិភាក្សាខាងលើនេះ សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ត្រូវបានបញ្ជូនពីខាងភាគីអារ៉ាប់រួម មកកាន់ភាគីកម្ពុជារួចមកហើយ ហើយបច្ចុប្បន្នក្រុមការងារជំនាញរបស់ភាគីកម្ពុជា ក៏កំពុងរួមគ្នាត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។

លោក អ៉ិត សំហេង បានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ហើយក៏បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងលើការជំរុញ ឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ ដែលកំពុងដំណើរការយ៉ាងល្អ។

លោករដ្ឋមន្ត្រីបានបន្តថា នៅពេលអនុស្សរណៈត្រូវបានចុះហត្ថលេខារួចរាល់ វាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលខ្ពស់។ នៅក្នុងប្រទេសកម្ពុជា ក៏សម្បូរការងារធ្វើ ហើយកន្លែងខ្លះក៏ខ្វះកម្លាំងពលកម្មទៅទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ឱកាស និងស្វែងរកការងារនៅក្រៅប្រទេស សម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមរយៈការចេញទៅធ្វើការក្រៅប្រទេសនេះ បានជួយឲ្យពលករទទួលបានប្រាក់ចំណូលថែមទាំងទទួលបានបទពិសោធន៍ ជំនាញវិជ្ជាជីវៈទៀតផង។

លោកឯកអគ្គរដ្ឋទូតអារ៉ាប់រួម Abdulla Mohammed បានអះអាងថា នៅប្រទេសអារ៉ាប់រួមមានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងនោះមានប្រមាណ ២០០សញ្ជាតិ ដែលកំពុងរស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសនេះប្រកបដោយសុខដុមនីយកម្ម។

មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួមក៏បានដាក់ចេញគោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅ ប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួនផងដែរ ដើម្បីធ្វើឱ្យការរស់នៅក្នុងប្រទេសនេះកាន់តែមានភាពសុខសាន្ត។

លោក Abdulla Mohammed បានបង្ហាញគោលបំណងចង់ឱ្យអនុស្សរណៈ នៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងអារ៉ាប់រួម ឈានទៅរកការចុះហត្ថលេខាឱ្យបានឆាប់រហ័ស។

សូមជម្រាបថា បច្ចុប្បន្នមិនទាន់មានពលករកម្ពុជាទៅធ្វើការនៅប្រទេសអារ៉ាប់រួម តាមរយៈក្រុម ហ៊ុនដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអារ៉ាប់រួមនៅឡើយទេ ប៉ុន្តែអាចមានពលករកម្ពុជាមួយចំនួនបានទៅធ្វើការនៅទីនោះដោយខ្លួនឯង៕