(រតនគិរី)៖ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានស្ទាក់ចាប់រថយន្តក្រុង១គ្រឿង លួចដឹកឈើប្រណិតធ្នង់ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឃ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ទិសដៅទៅប្រទេសវៀតណាម។

នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោក ហុង វណ្ណរាន បានប្រាប់ភ្នាក់ងារ Fresh News ថា រថយន្តក្រុងលួចដឹកឈើប្រណិតពាក់ស្លាកលេខវៀតណាម 81B-001-13 ហើយពេលកម្លាំងឆែកឆេរឃើញឈើប្រណិតធ្នង់ទម្ងន់ ៧៨០គីឡូក្រាម ស្មើនឹង០,៥៧៧ម៉ែត្រគូប។

លោកនាយផ្នែករដ្ឋបាលព្រៃឈើបរកែវបន្តថា អ្នកបើករថយន្តដឹកបទល្មើសរត់គេចខ្លួនបាត់។ ពេលពិនិត្យជាក់ស្តែងឃើញថា ក្រុមឈ្មូញ បានប្រមូល និងដឹកជញ្ជូនព្រៃឈើខាងលើប្រាសចាកពីច្បាប់ស្តីពីព្រៃឈើ។

បច្ចុប្បន្នរថយន្តក្រុង១គ្រឿង និងឈើប្រណិតត្រូវបាននាំមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។

គួរកត់សម្គាល់ថា បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ នៅតែមានឈ្មួញខិលខូចលួចធ្វើសកម្មភាពដោយមិនខ្លាចច្បាប់។ ជាក់ស្តែង រថយន្តក្រុងវៀតណាមមានថៅកែជនជាតិវៀតណាម លួចដឹកឈើចេញពីស្រុកខ្មែរក្រោមរូបភាពដឹកភ្ញៀវទេសចរណ៍ ដូច្នេះគួរតែច្បាប់ដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរដើម្បីឲ្យអ្នកផ្សេងរៀងចាលតែម្តង៕