(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដាក់ផែនការជំរុញឱ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនថែមទៀត ពាក់ព័ន្ធលើបញ្ហាសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យ នៅក្នុងក្រុងកំពត។

ការដាក់ផែនការ និងជំរុញបែបនេះធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខណៈលោកអភិបាលខេត្ត ដឹកនាំមន្ត្រីនៃមន្ទីរ អង្គភាព ស្ថាប័ន និងអាជ្ញាធរដែលពាក់ព័ន្ធ ចុះត្រួតពិនិត្យការពាក់ព័ន្ធ បញ្ហាសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យតាមដងផ្លូវ នៅជុំវិញក្នុងក្រុងកំពត។ សម្រាប់ត្រៀមរៀបចំខ្លួន បម្រើដល់សកម្មភាព នូវព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ រួមនឹងព្រឹត្តិការណ៍ទេសចរណ៍ធំៗ ប្រចាំឆ្នាំមួយចំនួនទៀត ប្រកបដោយភាពជោគជ័យ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ពេលវេលានៃការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ដែលខេត្តកំពត ត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅប៉ុន្មានថ្ងៃទៀត ឆាប់ៗខាងមុខនេះហើយ បើគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ពេលវេលាមានត្រឹមតែ រយៈពេលប្រមាណ ៩ថ្ងៃទៀតប៉ុណ្ណោះ។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានណែនាំដល់ចៅសង្កាត់ និងអភិបាលក្រុង រួមនិងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ អំពីតួនាទីភារកិច្ច របស់ខ្លួនតាមមុខសញ្ញាបន្ថែមទៀត។ ពិសេសអាជ្ញាធរក្រុង សង្កាត់ ទាំងប្រាំត្រូវតែបង្កើនការយកចិត្តទុកដាក់ សហការគ្នាដោយទទួលខុសត្រូវ ឱ្យបានសស្រាក់សស្រាំទាំងអស់គ្នា បន្ថែមទៀត លើការងារកែលម្អសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានក្រុង ហើយការងារដែលត្រូវយកចិត្តទុកដាក់សំខាន់ថែមទៀតដែរនោះ គឺអាជ្ញាធរក្រុង សង្កាត់ ក៏ត្រូវយកចិត្តទុកដាក់ ក្នុងចលនាបំផុសផ្សព្វផ្សាយប្រកាស តាមរយៈមធ្យោបាយផ្សេងៗ ដល់មហាជន ប្រជាជន ក៏ដូចសាធារណៈជនទូទៅ ឱ្យបានយល់ជ្រួតជ្រាបទទួលដឹង ដើម្បីចូលរួមអនុវត្ត និងលើកកម្ពស់ទាំងអស់
គ្នា ពីបញ្ហាសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងក្រុងកំពត ឱ្យបានល្អប្រសើរឡើង ព្រោះថាការងារជោគជ័យ ត្រូវតែមានការចូលរួមឱ្យបានព្រមគ្នា មិនថាឡើយថ្នាក់ដឹកនាំមន្ត្រីរាជការ ឬប្រជាពលរដ្ឋឡើយ ទើបការងារទាំងអស់នោះទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។

ក្នុងដំណើរសកម្មភាព ដែលលោកអភិបាលខេត្តដឹកនាំស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ ក្នុងក្រុងកំពតនោះ លោកអភិបាលខេត្ត ក៏បានវាយតម្លៃជារួមថា ជាលទ្ធផល នៃការចុះពិនិត្យនៅតាមដងផ្លូវ និងសួនសាធារណៈសំខាន់ៗ ក្នុងសង្កាត់នីមួយៗ នៃក្រុងកំពត សង្កេតឃើញនៅពុំទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ។ ដូច្នេះទាំងស្ថាប័នមន្ទីរ អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្លាំងថែមទៀត ហើយចាប់អនុវត្តភ្លាមៗពីថ្ងៃនេះទៅ ព្រោះថ្ងៃបុណ្យសមុទ្រជិតឈានចូលមកដល់ហើយ នេះជាការងារដែលនៅសេសសល់ មិនទាន់ត្រូវបានធ្វើឲ្យចប់តាមផែនការ គ្រប់ជ្រុងជ្រោយនោះ រួមមាន៖

*ការរៀបចំសណ្ដាប់ធ្នាប់នៃការចតរថយន្តធំៗលើដងផ្លូវសំខាន់ៗ តាមរបៀបអនាធិបតេយ្យ
*ហាមឃាត់មិនឲ្យមានការសង់តូបលក់ដូរ ឬទុកដាក់ឥវ៉ាន់តាមចិញ្ចើមផ្លូវ ឬដងផ្លូវ ការទប់ស្កាត់
*ណែនាំឲ្យម្ចាស់ការដ្ឋានសំណង់ និងអ្នកលក់គ្រឿងសំណង់ទុកដាក់សម្ភារឲ្យបានត្រឹមត្រូវ ក្នុងការដ្ឋាន ឬទីតាំងលក់ ជៀសវាងដាក់លើផ្លូវ ឬចិញ្ចើមផ្លូវ និងការដាក់គំរបឆ្នាំងលូឲ្យធានាបាននូវគុណភាព សុវត្ថិភាព ឲ្យមានសោភ័ណភាពល្អស្អាត នៅតាមបណ្តោយដងផ្លូវ រួមនឹងបញ្ហាការសំអាតស្មៅ និងព្រៃតាមដងផ្លូវ
*បញ្ហាការទុកដាក់ធុងសំរាម បញ្ហាដីឡូតិ៍ ដែលមានសំរាមព្រៃ និងស្មៅ បញ្ហាលូទឹក បញ្ហាផ្លាកយីហោ ប៉ាណូ រួមនឹងបញ្ហាមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ និងខូចខាតនូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងពាក់ព័ន្ធសុខភាពក្នុងក្រុង
*ពិសេសតាមដងផ្លូវជាតិលេខ៣ ដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់បំផុត។

លោកអភិបាលខេត្ត ក៏តម្រូវឲ្យអាជ្ញាធរក្រុង និងស្ថាប័នដែលមានភារកិច្ចពាក់ព័ន្ធ ត្រូវតែកែលម្អ ដាក់ភ្លើងតាមប៉ាណូទាំងតូច ធំក្នុងក្រុងឱ្យមានសោភ័ណ្ឌភាពល្អ៕