(ភ្នំពេញ)៖ ឆាកជាន់ផ្ទាល់ដី នៅណាហ្គាវើលដ៍ទី១ ត្រូវបានផ្លាស់ប្តូរ ទៅជាកន្លែងដើរបង្ហាញម៉ូដដ៏ធំអស្ចារ្យ សម្រាប់ការប្រកួតឈុតសម្លៀកបំពាក់ប្រពៃណីតំណាងជាតិ ដែលជាផ្នែកមួយ នៃការប្រកួតកញ្ញាឯក ទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅម៉ោង០៧៖៣០យប់។

បេក្ខនារីកញ្ញាឯកកំពូលសម្រស់ ៣០រូប មកពីជុំវិញពិភពលោក នៅសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញពីអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ក្នុងឈុតសម្លៀកបំពាក់តំណាងជាតិដ៏ ស្រស់ស្អាត។ បេក្ខនារីម្នាក់ៗ បានដើរបង្ហាញម៉ូដ ក្នុងឈុតប្រពៃណីរបស់ខ្លួន មុនពេលគណៈកម្មការជ្រើសរើសបេក្ខនារី៥រូប មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីលង្ការ ថៃ និងវៀតណាម។

ជាចុងក្រោយ កញ្ញា Marsha Sheron Martin មកពីប្រទេសស្រីលង្ការ ទទួលបានពានរង្វាន់ «កញ្ញាដែលស្រស់ស្អាតជាងគេ ក្នុងឈុតតំណាងជាតិ»។ មិនតែប៉ុណ្ណោះ ក៏មានការដើរបង្ហាញម៉ូដដ៏ប្លែក និងអស្ចារ្យរបស់ក្រុម The Privé ដែលជាក្រុមម៉ូដែលកម្ពុជាផងដែរ មុនការប្រកាសលទ្ធផល។

សូមបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ គឺជាសណ្ឋាគារផ្លូវការ នៃការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិជាលើកទីពីរ បន្ទាប់ពីការរៀបចំវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ ប្រកបដោយជោគជ័យកាលពីឆ្នាំ២០១៦។ កម្មវិធីដ៏ធំនេះ នឹងត្រូវចាក់បញ្ចាំងទៅកាន់៨០ប្រទេសទូទាំងពិភពលោក។

បេក្ខនារី១នាក់ នឹងត្រូវគ្រងមកុដជាកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៩ ខណៈបេក្ខនារីលេខពីរ ៤រូប នឹងជាប់ក្នុងប្រភេទពានរង្វាន់កញ្ញាដែល «ស្រស់ស្អាតជាងគេក្នុងឈុតប្រពៃណី», «មានទេពកោសល្យជាងគេ» «ប្រជាប្រិយជាងគេ» និង «ថតរូបស្អាតជាងគេ»។

ដើម្បីឈ្នះសំបុត្រឥតគិតថ្លៃ ដើម្បីមកទស្សនាការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ សូមតាមដានទំព័រហ្វេសប៊ុករបស់ណាហ្គាវើលដ៍ និងសាលមហោស្រព NABA៕