(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលថតផ្លូវមានជង្ហុក និងសំបុកមាន់រាយការណ៍ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធី «ROAD CARE Mobilbe App» បានច្រើនជាងគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro, OPPO និង Airpod ផងដែរ។

យោងតាមការប្រកាសរបស់ក្រសួងបានឱ្យដឹងថា អ្នកដែលឈ្នះរង្វាន់នេះ គឺត្រូវរាយការណ៍ដោយមានភ្ជាប់រូបភាព ខ្លឹមសារ និងទីតាំងត្រឹមត្រូវបានច្រើនជាងគេ។ លទ្ធផលអ្នកឈ្នះរង្វាន់ នឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទំព័រ Facebook ផ្លូវការរបស់ក្រសួង។

ក្រសួងបានឱ្យដឹងថា អ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone, OPPO និង Airpod ត្រូវទៅបង្ហាញខ្លួន ដើម្បីទទួលរង្វាន់ នៅក្នុងកម្មវិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅសណ្ឋាគារប្រេសុីដង់ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានលំអិតទាក់ទងទូរស័ព្ទលេខ៖ 085 92 90 90 | 015 92 90 90 | 067 92 90 90 | 023 42 66 40។

សូមបញ្ជាក់ថាកម្មវិធី «ROAD CARE Mobile App» គឺជាកម្មវិធីមួយបង្កើតដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ កម្មវិធីនេះប្រជាពលរដ្ឋអាចទាញយកពី App Store និង Play Store។

បន្ទាប់ពីទាញបានកម្មវិធីនេះហើយ ប្រជាពលរដ្ឋអាចរាយការណ៍ពីផ្លូវជង្ហុក ផ្លូវសំបុកមាន់ និងផ្លូវខូចដទៃទៀត ទៅកាន់ក្រសួងសាធារណការ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធរបស់ក្រសួងចុះទៅកែលំអរផ្លូវដែលខូចនោះ។

កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៩នេះ ហើយមានប្រជាពលរដ្ឋជាច្រើនបានទាញយកមកប្រើប្រាស់ និងបានរាយការណ៍ពីស្ថានភាពផ្លូវដែលខូច៕