(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ របស់ក្រុមជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តខ្លួនកុំឱ្យបាក់ទឹកចិត្តចំពោះការទាត់បាល់១១ម៉ែត្រមិនចូល។

លោក កែវ សុខផេង បានសរសេរសារថ្លែងអំណរគុណសម្តេចតេជោនៅលើទំព័រ Facebook យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ប្រសាសន៍ដ៏មានន័យនេះ»

ជាមួយនឹងការថ្លែងអំណរគុណសម្តេចតេជោហើយនោះ កែវ សុខផេង ក៏បានអរគុណប្រជាពលរដ្ឋខ្មែរដែលបានលើកទឹកចិត្ត និងគាំទ្ររូបគេ ព្រមទាំងក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់កម្ពុជា កែវ សុខផេង ក៏បានបន្ដសូមអភ័ទោសរាល់កំហុសឆ្គងនានារបស់ខ្លួន និងសន្យាថា យកបទពិសោធន៍ទាំងនេះ ធ្វើជាមេរៀនសម្រាប់អាជីពរបស់ខ្លួននាពេលអនាគត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត CUS នៅព្រឹកមិញនេះ បានស្នើឱ្យកីឡាករខ្សែប្រយុទ្ធ កែវ សុខផេង កុំបាក់ទឺកចិត្ត ក្រោយពេលទាត់បាល់ប៉េណាល់ទី (បាល់កាត់សេចក្តី១១ម៉ែត្រ)អត់ចូល១គ្រាប់ ហើយនាំឱ្យក្រុមជម្រើសជាតិកម្ពុជា ចាញ់មីយ៉ាន់ម៉ា ដោយលទ្ធផល ៤គ្រាប់ ទល់នឹង៥គ្រាប់ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីនាព្រឹកមិញ ក៏បានស្នើសុំមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋចំពោះការទាត់បាល់មិនចូលរបស់ កែវ សុខផេង ផងដែរ។ បើទោះបីជាយ៉ាងសម្តេចតេជោ បានសរសើរលើទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាថា ជាទម្រង់ដ៏ល្អមួយ។

សូមជំរាបថា ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុបពី SEA Games 2019 ចំនួន៤៦គ្រឿង បើប្រៀបធៀប SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាទទួលបានមេដាយ ត្រឹមតែចំនួន១៧គ្រឿងប៉ុណ្ណោះ។

The 30th SEA GAMES 2019 កម្ពុជាយើងទទួលបានមេដាយសរុប ចំនួន៤៦ក្នុងនោះ, មេដាយ មាស៤គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ៣៦គ្រឿង ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ចំណោម១១ប្រទេស គឹនៅលើ ទីម័រឡេស្តេ ឡាវ ប្រុយណេ៕