(បាត់ដំបង)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅតាមផ្ទះដាក់តាំងលក់ទំនិញនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង, ផ្សារសំរោងក្នុង នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ តែពុំបានរកឃើញទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ទេ។ ក្រុមការងារបានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ គុយទាវសរសៃ (តូច-ធំ) ណែមសាច់ត្រី សង្វាក់សាច់ត្រី ចាហួយខ្មៅ ក្បាលត្រីប្រឡាក់ នំបញ្ចុក សាច់ក្រកគោ និងបានត្រួតពិនិត្យនំទិញដាក់តាំងលក់ក្នុងផ្សារផងដែរគ ជាលទ្ធផលទទួលបាន គឺមិនមានទំនិញផ្ទុកសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាពនោះឡើយ។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងតែបាន ចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋគ្រប់គ្នាជាអ្នកប្រើប្រាស់ផ្ទាល់។

លោកបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ តាមផ្ទះ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត»។

លោកបានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋមដើម្បីរកសារធាតុគីមីហាមឃាត់ លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕