(ភ្នំពេញ)៖ វិនិយោគិនម៉ាឡេស៊ី បានមកស្វែងរកដៃគូសហការជាមួយវិនិយោគិនកម្ពុជា ដើម្បីវិនិយោគលើឧស្សាហកម្មប្រេងឆា មកពីប្រទេសម៉ាឡេស៊ី។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ វិនិយោគិនម៉ាឡេស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ប្រេងឆាក្នុងទីផ្សារកម្ពុជា និងជំនួបផ្គូផ្គងដៃគូពាណិជ្ជកម្ម។

លោក Kalyana Sundram ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាប្រេងឆា ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានក្ដីរីករាយដែលក្រុមហ៊ុនយើងខ្ញុំ បានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា ហើយការសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ដោយសារតែសម្លឹងឃើញថា កម្ពុជាជាប្រទេសធំមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលមានសកម្មភាពអាជីវកម្ម និងឧស្សាហកម្ម ក្នុងទំនាក់ទំនងដ៏ល្អប្រសើរ»

លោកបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសមានដំណើរសេដ្ឋកិច្ចឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងកំណើននៃជីវភាពរស់នៅរបស់ប្រជាជន មានការប្រែប្រួល ដូច្នេះការវិនិយោគនៃអាជីវកម្មប្រេងឆានៅកម្ពុជា ជាឱកាសក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន។

លោក Kalyana Sundram បន្ដថា ដូចអ្នកទាំងអស់គ្នាបានជ្រាបហើយថា ម៉ាឡេស៊ីជាប្រទេសធំទី២ ដែលនាំចេញប្រេងឆា ទៅកាន់ពិភពលោកទាំងមូល។ ដូច្នេះសម្រាប់សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែផ្ដល់ជូន នូវប្រេងឆាដ៏មានគុណភាព ជូនដល់អតិថិជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានទាក់ទាញនៃការវិនិយោគ និងបង្កើតនូវឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ហើយពេលឧស្សហកម្មនេះ កាន់តែរីកចម្រើនធំ និងផ្ដល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជា៕