(សៀមរាប)៖ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកសម្ពោធមជ្ឈមណ្ឌលចែកចាយថ្មីជាផ្លូវការថ្មីមួយទៀតហើយ
ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីគាំទ្រដល់ភាពរីកចំរើនរបស់ក្រុមហ៊ុនក្នុងការលក់ និងមធ្យោបាយចែកចាយរបស់ខ្លួន។
Herbalife Nutrition បានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០១៣មកម្ល៉េះ ហើយសម្រាប់ការបើកសាខាថ្មី នៅក្នុងខេត្តសៀមរាបនេះ នឹងផ្តល់ដល់សមាជិក និងអតិថិជនរបស់ក្រុមហ៊ុន ដែលរស់នៅភាគពាយព្យនៃប្រទេស ដែលរួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ នូវធនធាន និងគ្រឿងបរិក្ខារ ដើម្បីគាំទ្រដល់ការបញ្ជាទិញផលិតផល ឬសេវាកម្មដឹកជញ្ជូន ចែកចាយ សេវាអតិថិជនល្អបំផុត ក៏ដូចជាការផ្តល់កិច្ចប្រជុំវគ្គបណ្តុះបណ្តាល ដោយមិនចាំបាច់ធ្វើដំណើរ ពីចម្ងាយមកកាន់ទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញនោះឡើយ។
លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានឱ្យដឹងថា យើងមានមោទនភាពដែលបានរួមចំណែកនៅក្នុងប្រទេសកម្ពុជា ក្នុងការនាំមកនូវអាហារូបត្ថម្ភល្អដល់ប្រជាជនកម្ពុជា។ យើងកំពុងជះឥទ្ធិពលកាន់តែធំ និងកាន់តែខ្លាំងឡើង ទៅលើសុខភាព និងសេដ្ឋកិច្ចរបស់ប្រជាជននៅទូទាំងប្រទេស តាមរយៈផលិតផលអាហារូបត្ថម្ភលំដាប់ពិភពលោក និងឱកាសអាជីវកម្មដ៏អស្ចារ្យ។
លោកស្រីបានបញ្ជាក់ទៀតថា យើងសង្ឃឹមថា តាមរយៈការបើកសាខាថ្មីនៅក្នុងខេត្តសៀមរាបនេះ វានឹងជួយដល់អតិថិជន មានភាពងាយស្រួលជាងមុន ក្នុងការទទួលបានផលិតផលថែទាំសុខភាពនេះ ហើយក្នុងនាមពួកយើងជាក្រុមហ៊ុន យើងអាចផ្តល់នូវការគាំទ្រ និងការអប់រំល្អបំផុតទៅដល់អតិថិជនទាំងអស់ផងដែរ។
សូមបញ្ជាក់ដែរថា អំពីក្រុមហ៊ុន Herbalife Nutrition គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលបាននឹងកំពុងផ្លាស់ប្តូរជីវិតមនុស្សជាមួយ នឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងឱកាសអាជីវកម្មពិតប្រាកដ សម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ ក្រុមហ៊ុននេះផ្តល់ជូននូវផលិតផល ដែលមានគុណភាពខ្ពស់ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ លក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកដែលជាសហគ្រិន ដែលផ្តល់ការអប់រំមួយទល់មួយ និងការគាំទ្រជាសហគមន៍ ដែលជំរុញទឹកចិត្តអតិថិជនរបស់ពួកគេ ចាប់យករបៀបរស់នៅកាន់តែសកម្ម និងកាន់តែមានសុខភាពល្អ៕