(ភ្នំពេញ)៖ វិស័យសុខាភិបាលម៉ាឡេស៊ី កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ កម្មវិធីទេសចរណ៍សុខាភិបាល ឆ្នាំ២០២០ (MyHT2020) ដល់ប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារស្ថិតក្រោមបទប្បញ្ញត្តិ នៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាល នៅក្នុងប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយនឹងធនាគារកាណាឌីយ៉ា នៅព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ។ តាមរយៈ អនុស្សារណៈនៃការយោគយល់នេះ អតិថិជនរបស់ធនាគារកាណាឌីយ៉ា នឹងទទួលបាននូវកញ្ចប់ទេសចរណ៍ សុខាភិបាលដ៏គួរឱ្យទាក់ទាញ ដើម្បីដើរទស្សនាប្រទេសម៉ាឡេស៊ី ដែលជាអ្នកជំនាញថែទាំសុខភាព លំដាប់ពិភពលោកប្រចាំឆ្នាំ២០២០។

អ្នកស្រី Yazmin Azman ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានថ្លែងថា «យើងមានបំណងអញ្ជើញ អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំ សុខភាពទាំងអស់ឱ្យមកទទួលយក នូវបទពិសោធន៍សេវាកម្មថែទាំសុខភាព ចាប់តាំងពីដើមដល់ចប់ប្រកបដោយភាពរលូន នៅតំបន់សុខុមាលភាពរបស់ប្រទេសម៉ាឡេស៊ី ព្រមទាំងអាចទស្សនាកម្សាន្ត នៅទឹកដីធម្មជាតិដ៏បវរនាឱកាសកម្មវិធី MyHT2020 នេះ។ សេវាកម្មថែទាំសុខភាពមានគុណភាពខ្ពស់ លំដាប់ពិភពលោក តម្លៃសមរម្យ និងមានភាពងាយស្រួលរបស់យើង គឺជាគុណតម្លៃដ៏ល្អទាក់ទាញ ធានាដល់អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាព ដែលបានមករកសេវាកម្មនេះនៅក្នុងប្រទេសរបស់យើង។ ម៉ាឡេស៊ីបានក្លាយ ជាទិសដៅកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង សម្រាប់ជម្រើសវិស័យសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា ហើយកំណើនប្រជាប្រិយភាព កំពុងមានសន្ទុះកាន់តែខ្លាំងឡើង នេះគឺដោយសារតែសេចក្ដីជឿទុកចិត្តយ៉ាងធំធេញ របស់អតិថិជនមកលើសេវាកម្មប្រកបដោយ គុណភាពរបស់យើង»

MHTC បានកំណត់យកធនាគារកាណាឌីយ៉ា ធ្វើជាដៃគូដែលមានគុណតម្លៃផ្នែកទំនុកចិត្ត និងភាពល្អឥតខ្ចោះផ្នែកសេវាកម្មអតិថិជន ដូចគ្នាក្នុងការលើកកម្ពស់ MyHT2020 នាពេលខាងមុខនេះ។ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ៦០ សាខានៅទូទាំងប្រទេសកម្ពុជា មានទីស្នាក់ការស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុងសំខាន់មួយ និងមានសាខានានានៅគ្រប់បណ្ដា ខេត្តទាំងអស់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារ ក្នុងការបម្រើសេវាកម្មជូនអតិថិជន ដែលមានកំណើនយ៉ាងឆាប់រហ័សឱ្យបានកាន់តែល្អប្រសើរ ធនាគារកាណាឌីយ៉ាផ្ដល់ជូននូវសេវាកម្ម មានគុណតម្លៃបន្ថែម និងកម្មវិធីជាច្រើនទៀត។

លោក Raymond Sia Say Guan អគ្គនាយកនៃធនាគារកាណាឌីយ៉ា បានថ្លែងថា «ធនាគារកាណាឌីយ៉ាពិតជា មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយនឹង វិស័យសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់ សេវាកមក្មទេសចរណ៍ សុខាភិបាលប្រកបដោយគុណ ភាពខ្ពស់។ ក្នុងនាមជាធនាគារឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា យើងចូលរួមចំណែកជំរុញការលើកកម្ពស់ការរស់នៅ របស់ប្រជាជនប្រកបដោយសុខុមាលភាព ហើយយើងជឿជាក់ថា ប្រទេសម៉ាឡេស៊ី មានការផ្ដល់ជូននូវសេវាកម្មថែទាំសុខភាព ដ៏សម្បូរបែបតាមរយៈជំនាញផ្នែកវេជ្ជសាស្ត្រ ដ៏ល្បីល្បាញលំដាប់អន្តរជាតិ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប គួបផ្សំជាមួយនឹងទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងខៀវស្រ ងាត់ ជាទីស្ថានដែលអតិថិជនអាចទទួលបាន នូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អប្រសើរ របស់ប្រជាជនម៉ាឡេស៊ី។ តាមរយៈការប្ដេជ្ញាចិត្តចំពោះ ជំហរហិរញ្ញវត្ថុរឹងមាំរបស់អតិថិជន យើងក៏មានចំណាប់អារម្មណ៍ ចំពោះការផ្ដល់ជូនអតិថិជនរបស់យើង នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ នៃវិស័យសុខាភិបាលម៉ាឡេស៊ី»

ប្រទេសម៉ាឡេស៊ី គឺ ជា «អ្នកជំនាញថែទាំសុខភាព» ដែលក្លាយជាទិសដៅទេសចរណ៍ សុខាភិបាលលំដាប់ពិភពលោក ដ៏ជោគជ័យនៅក្នុងរយៈពេលដ៏ខ្លី និងត្រូវបានទទួលស្គាល់ដោយអ្នកជំងឺ និងជំនាញការក្នុងវិស័យនេះចំនួន ១.២ លាននាក់នៅទូទាំងពិភពលោក។ ប្រទេសនេះត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិដោយអង្គការ International Living សហរដ្ឋអាមេរិក ជា «ប្រទេសដ៏ល្អបំផុត នៅក្នុងពិភពលោកសម្រាប់វិស័យសុខាភិបាល» ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៩ និងជា «ទិសដៅប្រចាំឆ្នាំ» សម្រាប់ទេសចរណ៍សុខាភិបាលទទួលស្គាល់ ដោយក្រុមហ៊ុន International Medical Travel Journal ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៩ ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំងនេះ «គុណភាព ងាយស្រួលទទួលសេវាកម្ម និងតម្លៃសមរម្យ»

ប្រទេសម៉ាឡេស៊ី គឺមានភាពលក្ខណៈខុសប្លែក ពីប្រទេសផ្សេងទៀត ដោយសារតែដំណើរការផ្ដល់ជូនសេវាកម្ម ថែទាំសុខភាពម៉ាឡេស៊ីតាំងពីដើម រហូតដល់ចប់ប្រកបដោយភាពរលូន ពោលគឺចាប់តាំងពីពេល ដែលអតិថិជនមកដល់ប្រទេសម៉ាឡេស៊ី រហូតដល់ពេលត្រឡប់ទៅវិញតែម្ដង។ បន្ទប់រង់ចាំសេវាកម្មសុខា ភិបាលម៉ាឡេស៊ី មានទីតាំងស្ថិតនៅព្រលានយន្តហោះ អន្តរជាតិកូឡាឡាំពួរ (KLIA) KLIA2 និងព្រលានយន្តហោះអន្តរជាតិប៉េណាំង ដែលផ្ដល់ជូននូវសេវាកម្មទទួលដល់ច្រក ចុះពីយន្តហោះ សេវាកម្មត្រួតពិនិត្យរហ័ស នៅផ្នែកអន្តោប្រវេសន៍ និងគយ ព្រមទាំងមានសេវាកម្មជួយយកឥវ៉ាន់ផងដែរ។ សេវាកម្មបកប្រែគឺមានផ្ដល់ជូន តាមការស្នើសុំ ជាមុន ដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងយ៉ាងងាយស្រួល ជូនអ្នកជំងឺដែលត្រូវការសេវាកម្មបកប្រែ។

ប្រព័ន្ធសុខាភិបាលប្រទេសម៉ាឡេស៊ី គឺត្រូវបានធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹង ដោយក្រសួងសុខាភិបាលម៉ាឡេស៊ី យោងតាមច្បាប់ស្ដីពីសុខាភិបាលសាធារណៈ និងសេវាកម្មបរិក្ខារ (ឆ្នាំ១៩៩៨) ដែលស្ដែងឱ្យឃើញនូវសុវត្ថិភាពរបស់អ្នកជំងឺ ហើយសេវាកម្មព្យាបាលគឺមានតម្លៃសមរម្យ។ ជាមួយនឹងប្រព័ន្ធសុខាភិបាលម៉ាឡេស៊ី ដ៏ល្អឥតខ្ចោះ អ្នកធ្វើដំណើរស្វែងរក សេវាកម្ម ថែទាំសុខភាពអាចទទួលបាននូវសេវាកម្ម ថែទាំសុខុមាលភាពនៅក្នុងទឹកដីធម្មជាតិ ស្រស់បំព្រងបង្កប់នូវទេសភាពដ៏ស្រស់ត្រកាល នៃប្រទេសម៉ាឡេស៊ី ៕