(កំពង់ធំ)៖ ស្នងការរងនគរបាលខេត្តកំពង់ធំម្នាក់ ត្រូវមន្រ្តីនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត ដាក់ពាក្យប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពាក់ព័ន្ធភាពមិនប្រក្រតីនឹងការងារ ជាពិសេសស្នើសុំឲ្យដកមន្រ្តីនគរបាលទាំងឡាយណាដែលមិនមែនជាកូនចៅរបស់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងនគរបាលទទួលផែនការងារធនធានមនុស្ស ត្រូវបានមន្រ្តីនគរបាលក្រោមឱវាទចោទថា បាននិងកំពុងធ្វើឲ្យមានបែកបាក់សាមគ្គីផ្ទៃក្នុង នៃជួរនគរបាលជាតិរបស់ខេត្តកំពង់ធំដែលពួកគេមិនចង់ធ្វើការនោះឡើយ។

ជាមួយគ្នានេះ ក្រុមមន្រ្តីនគរបាលទាំងនេះ ក៏បានទទូចឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយបញ្ជូនក្រុមអធិការកិច្ច ចុះមកស្រាវជ្រាវពីភាពមិនប្រក្រតី នេះផង ដើម្បីកុំឲ្យកងកម្លាំងនគរបាលបាក់ទឹកចិត្ត បម្រើការងារតទៅទៀត។

យោងតាមពាក្យបណ្តឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ មន្រ្តីនគរបាលទាំងនោះបានបញ្ជាក់ថា «យើងខ្ញុំជាមន្ត្រីនគរបាល នៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមគោរពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យរកយុត្តិធម៌ដោយក្ដីអនុគ្រោះដោយសព្វថ្ងៃពួកយើងខ្ញុំទទួលនូវភាពអយុត្តិធម៌ដោយក្រុមលោកឧត្តមសេនីយ៍ អ៊ឹម សុគឿន ស្នងការរងផែនការងារធនធានមនុស្ស តាំងតែពីបានទទួលតំណែងមកហាក់កាក់កប មួយថ្ងៃៗបង្កើតបក្ខពួក ប្រមូលលុយកាក់តាមបណ្តាញ ពិសេសការងារតែងតាំងបក្ខពួកនិយមយកតែអ្នកមានលុយកាក់ច្រើនៗ រត់ការទៅថ្នាក់លើដោយមិនចាំបាច់មានការពិនិត្យ វាយតម្លៃ ឬមានការឯកភាព ពីអង្គភាពឬ អភិបាលខេត្តនោះទេ»។

មន្រ្តីនគរបាលទាំងនេះ បានលើកឡើងទៀតថា បញ្ហានេះបានធ្វើឲ្យមានការជះឥទ្ធិពលខ្លាំងណាស់ដែលកំពុងប៉ះពាល់យ៉ាងខ្លាំង ដល់សតិអារម្មណ៍កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ។ នេះជាកត្តាបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងយ៉ាងខ្លាំងតែម្នាក់ៗ មិនហ៊ាននិយាយស្តីចេញមកទេ ដោយខ្លាចលោកស្នងការរងផែនការងារធនធានមនុស្ស ដែលលោកតែងតែយកអំណាច ថ្នាក់លើ ពិសេសជំនាញបុគ្គលិកក្រសួងមកកៀបសង្កត់ ចង់ដក ឬដាក់មន្ត្រីណាតាមតែអំពើចិត្តដូចករណីលោករត់ការដកលោក ពេជ ថាល់ អធិការស្រុកសន្ទុក ដែលបានបម្រើ ការងារសាមសិបឆ្នាំ មកហើយ និងមិនមានកំហុសឆ្គងនោះទេ ដកមកជាមន្ត្រីនៅការិយាលយ័បុគ្គលិក នៃអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ»។

បើតាមពាក្យបន្តឹង មន្ត្រីនគរបាលដែលញៀនថ្នាំ ត្រូវបានអង្គភាពស្នើសុំកាត់បណ្តេញចេញពីក្របខណ្ឌ តែស្នងការរងរូបនេះ បានរត់ការទៅថ្នាក់លើជួយរក្សាក្របខណ្ឌ
មន្រ្តីនគរបាលទាំង៣រូបនេះ ប្តូរទៅជាអនុវត្តវិន័យ បន្ថយឋានន្តរស័ក្តិមួយថ្នាក់ទៅវិញ ដោយយកលេះថា អសកម្មនឹងការងារទៅវិញ។

តែលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានអះអាងថា លោកនឹងពិនិត្យដោះស្រាយករណីនេះ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងនេះជាផ្លូវការនោះទេ ប៉ុន្តែបើមានពាក្យបណ្តឹងមែន លោកនឹងធ្វើការដោះស្រាយជូនឲ្យមានភាពយុត្តិធម៌ ពោលមិនឲ្យមានការបែកបាក់សាមគ្គីភាពនៅក្នុងអង្គភាពនោះឡើយ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន បានបញ្ជាក់ជូនថា លោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងថ្នាក់ដឹកនាំ ហើយសូមស្វាគមន៍ចំពោះក្រុមអធិការកិច្ច ចុះមកស្រាវជ្រាវការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងទៀតថា សម្រាប់ការតែងតាំង ផ្លាស់ប្តូរ ឬការដាក់ពិន័យចំពោះមន្រ្តីនគរបាលណាម្នាក់ លោកជាស្នងការរង គ្មានសិទ្ធិសម្រេចនោះឡើយ គឺអាស្រ័យលើថ្នាក់លើតែប៉ុណ្ណោះ ដូច្នេះលោកសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។

តាមព័ត៌មានមួយផ្សេងទៀត ក៏បានបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ក៏មិនស្តាប់តាមការណែនាំ និងបញ្ជារបស់ស្នងការខេត្តផងដែរ ដែលនាំឲ្យមានការលំបាកក្នុងការធ្វើការងារ នៅក្នុងស្នងការដ្ឋានផងដែរ៕