(ភ្នំពេញ)៖ តាំងពីថ្ងៃទី០៩ មកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ចាប់ពីកែងផ្លូវលេខ៦២R រហូតដល់ចំណុចផ្សារ ងិនអាន ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ចាប់ផ្ដើមមានសណ្ដាប់ល្អប្រសើរ និងមានសោភ័ណ្ឌភាពឡើងវិញហើយ បន្ទាប់ពីកម្លាំងប្រជាការពារសង្កាត់ ខណ្ឌ សហការគ្នាចុះរៀបចំឲ្យមានរបៀបរៀបរយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ និងរៀបចំជួសជុលជង្ហុគតូច-ធំ (សំបុកមាន់) មួយចំនួន ដែលរងការខូចខាតផ្លូវនៅមួយអន្លើ ដើម្បីចូលរួមកាត់បន្ថយថវិកាជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កន្លងមកលោក ជា ពិសី តែងបានលើកឡើងច្បាស់ៗ នូវរាល់បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ក៏ដូចជាបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ជុំវិញបញ្ហាចុះរៀបចំ សណ្ដាប់តាមដងផ្លូវតូច-ធំ ពិសេសជុំវិញបរិវេណផ្សារនានា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងយុទ្ធនាការ រំដោះចំណីផ្លូវសាធារណៈនេះ គឺត្រូវបានអនុវត្តឡើងជាប្រចាំ និងពេលចុះអនុវត្តម្ដងៗ អាចឈានដល់ការដកហូតយកសម្ភារល្មើសលើចិញ្ចើមផ្លូវមួយចំនួន មករក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយសារតែអាជីវករភាគច្រើនយល់អំពីបញ្ហាផ្លូវច្បាប់ ឯអាជីវករមួយចំនួនតូចទេ ដែលបានយកចំណីចិញ្ចើមផ្លូវសាធារណៈ មកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនទាំងបំពាន និងរឹងរូសមិនសហការទទួលយកការណែនាំពីអាជ្ញាធរឡើយ។

ដោយឡែក លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ តែងណែនាំជំរុញឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយសង្កាត់ សម្រាប់ការចុះជួសជុលផ្លូវមានជង្ហុគ តូច-ធំ (សំបុកមាន) ដែលរងការខូចខាតនៅមួយអន្លើ គឺសំដៅទប់ស្កាត់ការខូចខាតផ្លូវកាន់តែខ្លាំង ដើម្បីចូលរួមកាត់បន្ថយថវិកាជាតិ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ គឺត្រូវបានអនុវត្តឡើងជាបន្តបន្ទាប់ ក្រោយពីចុះត្រួតពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ឃើញថា អាចបណ្ដាលឲ្យបាត់បង់សោភ័ណ្ឌភាព បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយដែលត្រូវដោះស្រាយ ទៅតាមលទ្ធភាព ក្នុងការឆ្លើយតបឲ្យទាន់សភាពការ ដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕