(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គទូតប្រចាំកម្ពុជា ព្រមទាំងប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ពិគ្រោះយោបល់លើយន្តការគៀរគរថវិកា និងធនធាននានាគាំទ្រវិស័យសកម្មភាពមីន ដើម្បីកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏ជាវេទិការបង្ហាញនូរវឌ្ឍនភាពការងារវិស័យមីនជូនដល់ ក្រសួងពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិឌ្ឍន៍ គ្រប់បណ្តាស្ថានទូតប្រចាំនៅកម្ពុជា និងផ្សព្វផ្សាយពីលទ្ធផល នៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤នៃអនុសញ្ញាអូតាវ៉ា កាលពីថ្មីៗនេះ ដែលកម្ពុជាត្រូវបានអនុម័តក្នុងសន្និសីទឲ្យពន្យាពេលបោសសម្អាតមីន ដល់ឆ្នាំ២០២៥។

ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពដល់ប្រជាជនកម្ពុជា។ ជាមួយនេះលោកទេសរដ្ឋមន្ត្រី បានបង្ហាញពីលទ្ធផល នៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស កាលពីខែវិច្ឆិកាកន្លងទៅនេះជូនដល់កិច្ចប្រជុំ ដែលកម្ពុជាទទួលបាននូវការអនុម័តលើឯកសារពន្យាពេលបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការផ្តល់នូវការគាំទ្រទាំងបច្ចេកទេស និងថវិកា ដែលអាចឲ្យប្រទេសកម្ពុជាអាចបំពេញបាននូវកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីទឹកដី ជួយសង្រ្គោះជីវិតពលរដ្ឋនិងបង្កើនការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរតំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍បានកោតសរសើរនូវអ្វីដែលប្រទេសកម្ពុជាសម្រេចបានក្នុងវិស័យមីនកន្លងមក និងបានប្តេជ្ញាចូលរួមក្នុងវិស័យនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកសាងនូវសន្តិភាព៕