(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ដើម្បីធានាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍស្រុក។ ទាល់តែយើងមានសុខសន្តិភាព ទើបអាចមានការអភិវឌ្ឍ។ បើគ្មានសន្តិភាព ធ្វើម៉េចមានសិទ្ធិមនុស្សកើត។ បើគ្មានសុខសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ កុំនិយាយពីសិទ្ធិមនុស្ស។ យើងយកសន្តិភាពជាជាធំ ការពារកុំឱ្យស្រុកកើតចលាចល។ បើគ្មានសន្តិភាព យើងមិនអាចកសាងស្រុកបានទេ។

ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ធ្វើឡើងនៅព្រឹកថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តកាត់ភ្លុក ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋមកពីឃុំភក្តី កាត់ភ្លុក និងកក់។ វេទិកាសាធារណៈនេះ មានការចូលរួមពីអស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណ ៣៥០នាក់។

ក្នុងឱកាសនោះ បន្ទាប់ពីលោកអភិបាលស្រុកបរសេដ្ឋឡើងរាយការណ៍ មក លោកទេសរដ្ឋមន្ត្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដោយសារយើងប្រកាន់របបប្រជាធិបតេយ្យសេរី ទើបយើងចុះមកជួបប្រជាជនជាប្រចាំ ដើម្បីចុះមកស្តាប់បងប្អូនប្រជាពលរដ្ឋ។ យើងមកចង់ដឹងថា តើអាជ្ញាធរមូលដ្ឋានបានផ្តល់សេវាសាធារណៈជូនប្រជារាស្ត្រតាមសេចក្តីត្រូវការហើយឬនៅ? ក្នុងនោះ បញ្ហាខ្លះយើងអាចដោះស្រាយបាន។ ប៉ុន្តែបញ្ហាខ្លះត្រូវលើកជាសំណូមពរទៅថ្នាក់លើ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូន ប្រជាពលរដ្ឋដែលចូលរួមវេទិកាថា នៅឆ្នាំ២០២០ខាងមុខនេះ ថវិកាឃុំនីមួយៗនៅទូទាំងប្រទេស នឹងមានយ៉ាងតិច១០ម៉ឺនដុល្លារជាមធ្យម។ ដូច្នេះ ឃុំមានមធ្យោបាយក្នុងការអភិវឌ្ឍ កាន់តែប្រសើរជាងមុន។ នៅពេលឃុំរៀបចំគម្រោងអភិវឌ្ឍ នឹងមានមធ្យោបាយសម្រាប់អនុវត្ត ។ ទិសដៅរាជរដ្ឋាភិបាល ទៅអនាគតផ្លូវតាមជនបទមានចាក់កៅស៊ូ មានអគ្គិសនី និងទឹកស្អាត។ យើងនឹងធ្វើឱ្យប្រជាពលរដ្ឋមានទឹកស្អាត ភ្លើងអគ្គិសនី និងផ្លូវប្រើប្រាស់។

លោកទេសរដ្ឋមន្ត្រីក៏បញ្ជាក់ជូនប្រជាពលរដ្ឋបន្តថា ចាប់ពី២០១៦ ស្រុកខ្មែរលែងជាប្រទេសអ្នកក្រទៀត ហើយ។ យើងសព្វថ្ងៃជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ហើយនៅឆ្នាំ២០៥០ ប្រទេសយើងនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

បន្ទាប់មក ប្រជាពលរដ្ឋបានឡើងលើកជាសំណួរ និងសំណូមពរដូចជា ស្នើសុំជួយកុំឱ្យតម្លៃស្រូវចុះថោកសុំប្រដាប់ប្រដាក្មេងលេង សង់សាលាមត្តេយ្យសហគមន៍ ការពារព្រៃសហគមន៍ ជួយឧបត្ថម្ភប្រជាការពារ ស្តារទំនប់ ជួសជុលស្ពាន ផ្លូវ និងដោះស្រាយបញ្ហាគ្រឿងញៀន។ ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យមន្ទីរកសិកម្ម អប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក និងអធិការស្រុកពន្យល់ប្រជាជន និងលោកបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបញ្ចេញទុន ៥០លានដុល្លារទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយទិញស្រូវប្រជា ពលរដ្ឋតាមតម្លៃសមស្រប។ លោកបានបន្តថា យើងមានគោល ន យោបាយបង្កើតសហគមន៍កសិកម្ម ដោយទាក់ទងជាមួយម៉ាស៊ីនកិនស្រូវ ចុះកិច្ចសន្យាទិញស្រូវតាមតម្លៃស្រុះស្រួល ឯកភាពគ្នា។ គោលដៅយើងគឺទិញស្រូវតាមតម្លៃសមស្រប។

ចំណែកឯ បញ្ហាគ្រឿងញៀន លោកអធិការស្រុកបរសេដ្ឋបានបញ្ជាក់ថា អធិការដ្ឋានស្រុកបានបង្រ្កាបបទល្មើសបានច្រើន រួមទាំងគ្រឿងញៀនបង្រ្កាបផងដែរ។ លោកអធិការស្នើសុំឱ្យមានការចូលរួមពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ បញ្ហាគ្រឿងញៀន ជាបញ្ហាធ្ងន់ធ្ងរសម្រាប់ស្រុកយើង មិនមែនកម្លាំងមិនធ្វើទេ។ បើយើងមិនរួមគ្នាធ្វើទេ យើងក៏ដោះស្រាយមិនរួចទេ។ បើកូនចៅញៀនថ្នាំ ត្រូវរាយការណ៍មកអធិការដើម្បីយកទៅបន្សាប។ ហើយបើជួញដូរកុំជួយលាក់។

ចំពោះអ្នករំលោភព្រៃសហគមន៍ ដែលមានសកម្មភាពជាក់ស្តែង លោកទេសរដ្ឋមន្រ្តីបានណែនាំថា អាជ្ញាធរស្រុកអាចឃាត់ខ្លួនបាន។ ជាមួយគ្នានេះ រដ្ឋបាលស្រុកបានបញ្ជាក់ថា នឹងដាក់ពាក្យបណ្ដឹង និងទទួលចាត់ វិធានការភ្លាម។

នៅទីបញ្ចប់ លោកបានបញ្ជាក់ថា តាមរយៈវេទិកាយើងដឹងថា បងប្អូនប្រជាពលរដ្ឋ មេភូមិ មេឃុំ សុទ្ធតែចង់អភិវឌ្ឍភូមិឃុំ។ ចំពោះអ្នកអាស្រ័យផលលើទំនប់ មិនអាចយកធ្វើកម្មសិទ្ធិទេ។ អ្នកយកដីទំនប់ ដីសហគមន៍មកធ្វើជាកម្មសិទ្ធិនឹងមានទោស ដែលនគរបាលអាចចាប់បាន។ ដូច្នេះ យើងបន្តរួមគ្នាអភិវឌ្ឍភូមិស្រុកទាំងអស់គ្នាតទៅទៀត៕