(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ រស់នៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរ មន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុសាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យ មើលពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រ ដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។

លោកអភិបាលខណ្ឌ បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែ បានក្រើនរំលឹកដល់អាជ្ញាធរ គ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយ ជូនពួកគាត់ឲ្យទាន់ពេលវេលា។

លោកអភិបាលខណ្ឌ ក៏បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើងមានជីវភាព កាន់តែប្រសើរឡើង៕