(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានស្តីទីរដ្ឋសភា តំណាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងសវនាការជាមួយនឹង លោក ជឿង ហ័រ ប៊ិញ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្រៅពីសម្តែងកិច្ចនូវគាវរកិច្ចស្វាគមន៍ដ៏កក់ក្តៅ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះ បានរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដែលមានប្រវត្តិតស៊ូ រួមសុខ រួមទុក្ខ ជាមួយគ្នាគ្រប់កាលៈទេសៈឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

លោកស្រីបានលើកឡើងបន្តថា សច្ចៈធម៌ប្រវិត្តសាស្រ្តសម្រាប់មាតុភូមិទាំងពីរ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈយុគ្គសម័យនៃការរួមគ្នាវាយរំលំសត្រូវរួម គឺពួកអាណានិគម ពួកចក្រពតិ្តនិយម និងជាពិសេសអ្វីដែលពុំអាចបំភ្លេចបាននោះ គឺក្នុងបុព្វហេត្វ និងការស្វែងរកយុត្តិធម៌ដ៏ត្រឹមត្រូវក្នុងការចូលរួមរបស់កងទ័ពស្ម័គ្រចិត្តរបស់វៀតណាម ដែលបានប្រកៀកស្មារតស៊ូជាមួយកងទ័ពកម្ពុជា ក្នុងសង្គ្រាមប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដែលបានជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីសេចក្តីស្លាប់ និងទុក្ខលំបាកវេទនាមកទល់សព្វថ្ងៃ។ ជាងនេះទៅទៀត ជាលទ្ធផលក្នុងរយៈពេលជាង៣ទស្សវត្សកន្លងមកនេះ ប្រទេសទាំងពីរ បានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្រ្ត ដោយសម្រេចបាននូវសុខសន្តិភាព ឯករាជ្យបូរណភាពទឹកដី វឌ្ឍនភាពសង្គម និងការអភិវឌ្ឍសង្គមជាតិរៀងៗខ្លួន។

លោក ជឿង ហ័រ ប៊ិញ បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលនេះជាលើកទី១ នៃដំណើរទស្សនកិច្ចរបស់លោកក្នុងនាមជាឧបនាយករដ្ឋមន្រ្តីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីថា្នក់ដឹកនាំរដ្ឋ និងបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថា្នក់ដឹកនាំសភាកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។

លោក បានបង្ហាញពីចំណាប់អារម្មណ៍ និងអបអរសាទរ ចំពោះសន្ទុះនៃការអភិវឌ្ឍដ៏រីកចំរើនរបស់
កម្ពុជា ហើយជឿជាក់ថា ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លានៃអង្គព្រះមហាក្សត្រជាទីគោពដ៏ខ្ពង់ខ្ពស់ និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានឹងបន្តសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍមួយដ៏រឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ លោកបានលើកឡើងពីយន្តការដែលភាគីទាំងពីរបានបង្កើតឡើងជាច្រើនទាំងខាងសភា រដ្ឋាភិបាល និងផ្នែកយុត្តិធម៌ ក៏ដូចជានៅទីនេះផ្ទាល់ ដែលមានក្រុមមិត្តភាពអ្នកតំណាងរាស្រ្តនៃប្រទេសទាំងពីរ។ បន្ថែមទៅទៀតនោះគឺចំណងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរមានការអភិវឌ្ឍខ្លាំងតាមរយៈកិច្ចសហការណ៍ទ្វេរភាគីផង និងពហុភាគីផង ដូចជានៅសហភាពអន្តរសភា(IPU)ជាដើម។

លោកក៏បានជម្រាបជូនលោកស្រីក្នុងជំនួបនេះផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូចជាលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាពិសេសក្នុងជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិបន្ថែមជាច្រើនមានជាអាទិ៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ ការទូត វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ។ល។ លោក បានលើកឡើងបន្ថែមថា ប្រទេសវៀតណាម និងកម្ពុជាមិនអាចបំភ្លេចបានទេក្នុងដំណាក់កាលសង្រ្គាមដែលប្រទេសទាំងពីររួមសុខរួមទុក្ខជាមួយគ្នា រហូតមកទល់បច្ចុប្បន្ននេះក៏នៅបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយប្តេជ្ញាបន្តថែរក្សាចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ។

លោក ក៏បានពាំនាំបន្ថែមនូវបណ្តាំពីរដ្ឋសភាវៀតណាមក្នុងការជួយគាំទ្រដល់សភាកម្ពុជាទាំងផ្នែក
សម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិបញ្ញត្តិឱ្យកាន់តែស្និទ្ធស្នាល។

ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឯកភាពនូវប្រសាសន៍ទាំងឡាយដែលលើកឡើងដោយភាគីវៀតណាម អំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិយូរអង្វែង ដែលពុំអាចបំភ្លេចបាន។ លោកស្រី បានបញ្ជាក់ជូនតម្លៃនៃមិត្តភាពជាប្រពៃណីនេះថា រៀតណាមបានរួមចំណែកដល់ការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ជាក់ស្តែង វិនិយោគវៀតណាមនៅកម្ពុជាកំពុងឈរនៅលេខរៀងទី ៥ ដែលទំហំពាណិជ្ជកម្មកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

លោកស្រី បានគូសបញ្ជាក់បន្ថែមស្ថាប័ននីតិប្បញ្ញត្តិសូមសម្តែងនូវការអបអររីករាយក្រៃលែងដែលកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានអញ្ជើញចូលរួមធ្វើជាអធិបតីភាពជាមួយនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងពិធីចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា និងឯកសារកិច្ចសហប្រតិបត្តិការជាច្រើន កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។ ជាពិសេស នេះជាការបន្សល់ទុកនូវកេរមរតកឱ្យមនុស្សជំនាន់ក្រោយ ក៏ដូចជាក្នុងប្រវត្តិសាស្រ្តកម្ពុជា នោះគឺការកសាងព្រំដែនសនិ្តភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅតាមជួរព្រំដែល ដែលបានប្រែក្លាយពីតំបន់ស្ងប់ស្ងាត់ មកជាកំពុងអភិវឌ្ឍអ៊ូអរ។

លោកស្រីបានបញ្ជាក់ថា ទាំងនេះគឺកើតឡើងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុះមុតនៃប្រទេសទាំងពីរទើបអាចកសាងនូវសមិទ្ធផលនេះបាន។ លោកស្រី ក៏បានបន្តជម្រាបជូនអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែឧសភា ឆ្នាំដោយក្នុងទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា និងលោកស្រី ប្រធានរដ្ឋសភាវៀតណាម បានធ្វើបច្ចុប្បន្នភាព និងចុះហត្ថលេខាបំពេញបន្ថែមមួយចំនួនទៅលើឯកសារនៃកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ ក្នុងខ្លឹមសារនៃការធ្វើបច្ចុប្បន្នភាពឯកសារនោះគឺបានបញ្ជាក់អំពីការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរទាំងថ្នាក់ដឹកនាំសភា គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាវ័យក្មេង សមាជិកសភាជាស្រ្តី និងអគ្គលេខាធិការដ្ឋាន។

មុននឹងបញ្ចប់ ភាគីទាំងពីរ(កម្ពុជា-វៀតណាម) បានបញ្ជាក់ឡើងវិញអំពីតួនាទីដ៏សំខាន់របស់អង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ហើយនឹងបន្តប្រកៀកស្មារជាមួយគ្នាក្នុងរយៈពេលខាងមុខ សំដៅអោយចំណងទំនាក់ទំនងរវាងស្ថាប័នប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍ និងដើរតួនាទីសំខាន់ ហើយរួមដៃគ្នាអភិវឌ្ឍក្នុងអាស៊ាន និងរក្សាតួនាទីស្នូលរបស់អាស៊ាន ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ៕