(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានក្លាយជាសាលារៀនដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រឧត្តមភាព ក្នុងការបណ្តុះបណ្តាលទម្លាប់ នៃការគិតពីវិទ្យាស្ថានទម្លាប់នៃការគិត (HoM)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាអន្តរជាតិ CIA First ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូនេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ទម្លាប់នៃការគិត ដែលបានបង្កើតឡើង ដោយលោកស្រី Bena Kallick និង លោក Art Costa គឺជាសមាសភាគមូលដ្ឋានគ្រឹះ នៃកម្មវិធីសិក្សារបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលទទួលស្គាល់ដោយ ACS WASC ស្របពេលជាមួយ ភាពរីកចម្រើន និងការទទួលស្គាល់ជាបន្តបន្ទាប់ របស់សាលា។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរួមបញ្ចូលទម្លាប់នៃការគិត ក្នុងឆ្នាំ២០១៥ ហើយវាបានក្លាយជាលក្ខណពិសេស នៃវិធីសាស្រ្តរៀនបែបសតវត្សរ៍ទី២១។ ពិធីប្រគល់វិញ្ញាបនបត្រ បានចូលរួម ដោយលោក Henry Toi ដែលជាសមាជិកម្នាក់ របស់វិទ្យាស្ថានទម្លាប់នៃការគិត (HoM) និងជាស្ថាបនិកវិទ្យាស្ថាន NurthureCraft និងទីប្រឹក្សាអប់រំ ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។

លោក Philip G. Muscott ជាប្រធានកម្មវិធីសិក្សា និងអ្នកសម្របសម្រួល ACS WASC Focus on Learning បានថ្លែងនៅពេលប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រថា វិញ្ញាបនបត្រមួយនេះ គឺពិតជាសមិទ្ធិផល និងកិត្តិយសដ៏ធំធេង សម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

លោក Philip G. Muscott បានបន្ថែមទៀតថា ការរស់នៅក្នុងយុគ្គសម័យ ព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន យើងមិនដឹងទេថា តើការងារមួយណា ដែលគេត្រូវការចាំបាច់ នាពេលអនាគត ហើយទម្លាប់នៃការគិត (HoM) គឺជាអ្វីដែលសំខាន់បំផុតដែលសាលា គួរផ្តោតលើក្នុង កម្មវិធីសិក្សារបស់ខ្លួន។

លោកថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តភាពរឹងមាំកាន់តែខ្លាំងទ្បើង ដោយបានបើកវិទ្យាល័យថ្មី ដែលសាងសង់ស្របតាមតម្រូវការ មានចម្ងាយប្រហែល២០០-៣០០ម៉ែត្រ នៅតាមបណ្តោយផ្លូវ ឌូងងៀប ក្នុងឆ្នាំ២០២០ ហើយបច្ចុប្បន្នយើង ក៏មានសាខាមួយទៀត គឺសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី ដែលមានទីតាំងនៅ សង្កាត់បឹងកេងកងទី១៕