(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យលើអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយរបស់ចិនឈ្មោះថា ហ្គ្រេនឆាយណាឡាយហ្វ៍ អ៉ិនសួរេន (Grand China Life Insurance) នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយធនាគារពាណិជ្ជឈីហ្វ (Chief Bank) លើកស្ទួយលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។

លោក សឿង ម៉ូរ៉ារិទ្ធិ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជឈីហ្វ បានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ ចង់បង្ហាញពីលក្ខណៈអាជីវកម្មណែនាំភ្ញៀវ ទៅលើផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ហ្គ្រេនឆាយណា ទៅដល់ភ្ញៀវធនាគារពាណិជ្ជឈីហ្វ។

លោកអគ្គនាយកមើលឃើញថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់។ កត្តាដែលធ្វើឲ្យវិស័យនេះ មានសន្ទុះខ្លាំងដោយសារ ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ អាចទិញកញ្ចប់ធានារ៉ាប់រងបាន។

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនធានារ៉ាប់រងហ្រ្គេនឆាយណា បានថ្លែងថា ក្រុមហ៊ុននេះទើបតែ បានបើកសម្ពោធនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែមានការរីកចម្រើនយ៉ាងខ្លាំង។ រីកចម្រើនខ្លាំងដោយសារ ត្រឹមតែជាង ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនមានអតិថិជនរហូតដល់ទៅជាង ២០០០នាក់៕