(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្តប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខា ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។

យោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ដែលបានអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ការីទេសចរណ៍ត្រូវបានចែកជា ០៣ប្រភេទ រួមមាន៖

១៖ ការីទេសចរណ៍ដែលនាំភ្ញៀវចូលមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Inbound Tour Operators)
២៖ ការីទេសចរណ៍ដែលនាំភ្ញៀវទៅកម្សាន្តក្រៅព្រះរាជាណាចក្រ (Outbound Tour Operators)
៣៖ ការីទេសចរណ៍ដែលនាំភ្ញៀវកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Domestic Tour Operators) និងភ្នាក់ងារទេសចរណ៍ជា០២ប្រភេទ រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ (Travel Agent) និង២. ភ្នាក់ងារទេសចរណ៍ក្នុងស្រុក (Domestic Travel Agent)។

ក្នុងប្រកាសថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា ការបន្តអាជ្ញាបណ្ណការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍គ្រប់ប្រភេទ មិនតម្រូវឱ្យមានលិខិត បញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្មទៀតទេ៕